ដោយ ខែ សុណង
2011-06-03
លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានបញ្ចប់បេសកកម្មស្វែងរកការពិតស្ដីពីបញ្ហាសិទ្ធិមនុស្សលើកទី៥ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់កម្ពុជាហើយ នៅថ្ងៃទី៣ មិថុនានេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៣ មិថុនា ឆ្នាំ២០១១ នៅការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស រាជធានីភ្នំពេញ លោក សុរិយា ស៊ូប៊ែឌី បានលើកសរសើរដល់ការអនុវត្តការងារជាច្រើនដែលរដ្ឋាភិបាលបានធ្វើ។ ក៏ប៉ុន្តែទន្ទឹមនិងគ្នានេះ លោកក៏បានរិះគន់នូវវិស័យមួយចំនួនថា នៅមានការខ្វះចន្លោះ និងគួរតែមានការកែលម្អ ក្នុងនោះមានដូចជា ស្ថានភាពដីធ្លី និងផ្ទះសម្បែងដែលប្រជាពលរដ្ឋមួយចំនួនកំពុងប្រឈមមុខ និងការបណ្ដេញចេញ បញ្ហាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងការប្រើកងកម្លាំងប្រដាប់អាវុធបង្ក្រាបប្រជាពលរដ្ឋជាដើម។
រីឯវិស័យការងារក្នុងរដ្ឋសភា មានការឆកល្វែងទាក់ទងការធ្វើច្បាប់គ្រប់ដំណាក់កាលពុំទាន់មានតម្លាភាព សេរីភាពបញ្ចេញមតិរបស់សមាជិកសភា និងការដកអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ។
នៅក្នុងសន្និសីទកាសែតនេះដែរ លោកក៏បានលើកឡើងអំពីការអនុវត្តច្បាប់ក្នុងវិស័យតុលាការថា មានករណីអយុត្តិធម៌ជាច្រើនដែលនាំឲ្យពលរដ្ឋជាប់ពន្ធនាគារ។ ចំណែកឯអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា លោកសុំមិនធ្វើអត្ថាធិប្បាយនោះទេ។
លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានបញ្ជាក់ថា បញ្ហាប្រឈមរបស់កម្ពុជានេះ លោកនឹងដាក់ក្នុងរបាយការណ៍របស់លោក ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
លោក សុរិយា ស៊ូប៊ែឌី បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាលើកទី៥ នៅថ្ងៃទី៣០ ខែឧសភា ហើយបានបញ្ចប់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១១។
0 comments:
Post a Comment