2012-06-02
កងនគរបាលជាតិ កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ គឺជាកងកម្លាំង ប្រដាប់អាវុធរបស់ជាតិទាំងមូល ដែលមានសមត្ថកិច្ច ការពារសន្តិសុខ លើកតម្កើងនីតិរដ្ឋ ការពារសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ និងរួមចំណែកអភិវឌ្ឍន៍ប្រទេស។កងនគរបាលជាតិ កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ក៏មានករណីយកិច្ច ក្នុងការធានា អោយការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា អោយមានសុវត្ថិភាព និងមានរបៀបរៀបរយ។
ដើម្បីធានាការរក្សាសន្តិសុខនេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្ដីណែនាំរួមមួយ ដែលនិយាយអំពីការបំពេញតួនាទី និងភារកិច្ចរបស់កម្លាំងប្រដាប់អាវុធនៅថ្ងៃបោះឆ្នោត។
គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប.) បានរំលឹកដល់កម្លាំងប្រដាប់អាវុធដែលមានតួនាទីការពារសុវត្ថិភាពសណ្ដាប់ធ្នាប់ក្នុងពេលបោះឆ្នោត អោយប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌ ចៀសវាងការយកតួនាទីទៅបំភិតបំភ័យគំរាមកំហែងអ្នកទៅបោះឆ្នោត ឬគណបក្សនយោបាយនានា។
នៅក្នុងសេចក្ដីណែនាំដែលមានចំនួន ៣ទំព័រនោះ បានបញ្ជាក់ថា កម្លាំងប្រដាប់អាវុធមិនត្រូវបង្ហាញនូវអាវុធគគ្រឹកគគ្រេង ដែលនាំអោយមានការភ្ញាក់ផ្អើល ការជ្រួលច្របល់ និងភ័យខ្លាចក្នុងចំណោមមហាជនឡើយ។ ត្រូវហាមដាច់ខាតក្នុងការនាំយកអាវុធជាតិផ្ទុះ ឬសារធាតុគ្រោះថ្នាក់គ្រប់ប្រភេទចូលទៅកាន់ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
ការណែនាំនេះទទួលបានការសាទរពីពលរដ្ឋអ្នកបោះឆ្នោត និងអង្គការមិនមែនរដ្ឋាភិបាល ដែលចូលរួមសង្កេតការបោះឆ្នោត ប៉ុន្តែក៏បានរិះគន់ដែរថា វិធានការនេះគឺនៅមានចំណុចខ្វះចន្លោះដែលចាំបាច់ត្រូវ គ.ជ.ប. យកចិត្តទុកដាក់។
អ្នកសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គម នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ។ លោកមានប្រសាសន៍ថា បើទោះជាមានការណែនាំបែបនេះក្ដី ក៏ក្នុងពេលកន្លងមកការអនុវត្តជាក់ស្ដែង គេតែងឃើញមន្ត្រីមានសមត្ថកិច្ចបានចូលទៅកៀកនឹងមណ្ឌលបោះឆ្នោត ដែលនាំអោយមានការភ័យខ្លាច និងជំរុញអោយពលរដ្ឋដែលជួបបញ្ហាពុំហ៊ានតវ៉ារកដំណោះស្រាយ។ លោកជំរុញអោយកងកម្លាំងប្រដាប់អាវុធគួរស្ថិតនៅតាមទីតាំងដែល គ.ជ.ប. បានកំណត់ និងត្រូវដើរតួនាទីជាអ្នកណែនាំផ្ដល់ព័ត៌មានដល់ពលរដ្ឋជាជាងបង្ហាញអំណាច ឬឥទ្ធិពលរបស់ខ្លួន។
សេចក្ដីណែនាំរបស់ គ.ជ.ប. ចេញថ្ងៃទី២៨ ខែឧសភា បានអោយដឹងថា នៅថ្ងៃបោះឆ្នោត ភ្នាក់ងារសន្តិសុខបោះឆ្នោតចំនួន ៣នាក់ ដែលការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ចាំបាច់ត្រូវស្លៀកសំលៀកបំពាក់ឯកសណ្ឋានកងនគរបាលជាតិ ឬកងរាជអាវុធហត្ថ ឬកងយោធពលខេមរភូមិន្ទ អោយបានត្រឹមត្រូវតាមការកំណត់ និងមានពាក់ប្រឡង់ដៃសន្តិសុខ ដែលកំណត់ដោយ គ.ជ.ប. ។ ជាមួយគ្នានេះ មន្ត្រីកងនគរបាលជាតិ កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ដែលពុំមានភារកិច្ច គឺមិនត្រូវអនុញ្ញាតអោយស្លៀកពាក់ឯកសណ្ឋានចូលទៅកាន់ការិយាល័យបោះឆ្នោត ឬរាប់សន្លឹកឆ្នោតឡើយ។
អ្នករត់រ៉ឺម៉កទេសចរណ៍ លោក សែម សាន មានប្រសាសន៍ថា ការមានអ្នករក្សាសុវត្ថិភាពគឺជាល្អ ប៉ុន្តែលោកនៅតែមានការភិតភ័យដែរ នៅពេលដែលកងកម្លាំងប្រដាប់អាវុធទាំងនោះក៏ជាអ្នកគាំទ្រគណបក្ស ដែលអាចមាននិន្នាការខុសគ្នាពីពលរដ្ឋអ្នកបោះឆ្នោត។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា។ លោកមានប្រសាសន៍ថា គ.ជ.ប. គួរតែកំណត់អោយបានច្បាស់ទៅតាមច្បាប់ដែលចែងថា កងកម្លាំងប្រដាប់អាវុធពុំអាចទៅចូលរួមការឃោសនាបោះឆ្នោតគាំទ្រគណបក្សនយោបាយណាមួយ។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា លោកមានប្រសាសន៍ថា មកដល់ពេលនេះការគំរាមកំហែងដោយសារកម្លាំងសមត្ថកិច្ចដែលទៅការពារសន្តិសុខនោះ គឺពុំមែនជាបញ្ហាចោទទេ។ លោកបន្តថា ការទៅឃោសនា ឬគាំទ្រគណបក្សនយោបាយណានោះ គឺជាសិទ្ធិរបស់ពួកគាត់ និងថា ប្រសិនបើមានការគំរាមកំហែងណាមួយកើតឡើង ពលរដ្ឋអាចប្ដឹងអោយមានការដោះស្រាយភ្លាមៗ។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានអោយដឹងទៀតថា កងកម្លាំងប្រដាប់អាវុធសរុបចំនួនជាង ៧ម៉ឺននាក់ ត្រូវដាក់អោយរក្សាសុវត្ថិភាពនៅពេលបោះឆ្នោតនៅទូទាំងប្រទេស ក្នុងនោះចំនួនជាង ៥ម៉ឺននាក់ ត្រូវដាក់អោយរក្សាសុវត្ថិភាពនៅតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស គឺមួយការិយាល័យមាន ៣នាក់។ ជាមួយគ្នានេះក៏មានកងអន្តរាគមន៍ចំនួនជាង ៣ម៉ឺននាក់បន្ថែមទៀត៕
0 comments:
Post a Comment