ព័ត៌មានដែលលោកឆាំង សុងបានសរសេរប្រាប់លោកខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានចុះផ្សាយនៅលើគេហទំព័រទីភ្នាក់ងារព័ត៌មានកម្ពុជា AKP កាលពីថ្ងៃទី១៧ឧសភា។ ហើយលោកខៀវ កាញារីទ្ធក៏បានយកអត្ថបទនេះបង្ហោះផ្សាយបន្តនៅក្នុងទំព័របណ្តាញសង្គម Facebookរបស់លោកផងដែរ។
អត្ថបទរបស់ទីភ្នាក់ងារAKPបានដកស្រង់សម្តីរបស់លោកឆាំង សុងដែលបានសរសេរប្រាប់លោកខៀវ កាញារីទ្ធថា ក្រុមមនុស្សដែលហៅខ្លួនឯងថា ជាអ្នកប្រជាធិបតេយ្យនិយម ពីដំបូងឡើយត្រូវបានដឹកនាំដោយឈ្មោះ មាច សុវណ្ណរ៉ា នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ហើយឈ្មោះមាច សុវណ្ណរ៉ានេះបានអះអាងថា លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធិ និងរូបលោកឆាំង សុង ជាអ្នកគាំទ្ររូបគេ។
យោងតាមអត្ថបទរបស់AKP លោកឆាំង សុងអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងរបបលន់ នល់ ហាក់ស្គាល់សាវតាច្រើនរបស់ក្រុមអ្នកប្រជាធិបតេយ្យមួយនេះ។ លោកឆាំង សុងបានសរសេរប្រាប់លោកខៀវ កាញារីទ្ធិថា ក្រុមនេះបានធ្វើការអំពាវនាវតាមរយៈកាសែតក្នុងស្រុកមួយឈ្មោះ ខ្មែរប៉ុស្តិ៍ ដើម្បីបញ្ចេញសំឡេងប្រឆាំងរដ្ឋាភិបាល។ ហើយថា កាសែតនេះក៏បានបើកផ្លូវអោយក្រុមហឹង្សាមួយទៀតដែលដឹកនាំដោយឈ្មោះ សួន សេរីរដ្ឋា បញ្ចេញការអត្ថាធិប្បាយប្រឆាំងរដ្ឋាភិបាលផងដែរ។ វិទ្យុបារាំងអន្តរជាតិមិនអាចទាក់ទងលោកខៀវ កាញារីទ្ធដើម្បីស្នើសុំអត្ថាធិប្បាយទៅលើព័ត៌មានស្តីពីក្រុមប្រឆាំងនេះបានទេ៕
0 comments:
Post a Comment