Powered by Blogger.
Home » » តុលាការ​​ក្រុង​ឡាអេ​​នឹង​កោះ​ប្រជុំ​​បន្ទាន់​ពិនិត្យ​សំណើ​របស់​កម្ពុជា

តុលាការ​​ក្រុង​ឡាអេ​​នឹង​កោះ​ប្រជុំ​​បន្ទាន់​ពិនិត្យ​សំណើ​របស់​កម្ពុជា

smk2011 | 6:13 PM | 0 comments
ដោយ យន់ សាមៀន
2011-05-04
មន្ត្រី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ បាន​ឲ្យ​ដឹង​ថា តុលាការ​នឹង​ពិនិត្យ​សំណើ​របស់​កម្ពុជា ដែល​សុំ​ឲ្យ​មាន​វិធានការ​បន្ទាន់​មួយ​ដើម្បី​បញ្ឈប់​ការ​វាយ​ប្រហារ​របស់​ថៃ មក​លើ​ប្រាសាទ​ព្រះវិហារ និង​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។

RFA Photo/Keo Nimol
ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។
មន្រ្តី​តុលាការ​យុត្តិធម៌​អន្តរជាតិ (International Court of Justice) កាល​ពី​ថ្ងៃ​អង្គារ ទី​៣ ឧសភា មាន​ប្រសាសន៍​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​នឹង​ធ្វើការ​បកស្រាយ​សេចក្ដី​សម្រេច​របស់​ខ្លួន​កាល​ពី​ឆ្នាំ​១៩៦២ ឲ្យ​បាន​លម្អិត​តាម​សំណើ​របស់​កម្ពុជា ក្នុង​រយៈពេល​យ៉ាង​យូរ​ពី ៥ ទៅ ៦​ខែ​ខាង​មុខ​នេះ។
តុលាការ​ក៏​នឹង​ពិនិត្យ ហើយ​ធ្វើ​សេចក្ដី​សម្រេច​ជា​បន្ទាន់​មួយ​ជុំវិញ​ការ​ទាមទារ​របស់​កម្ពុជា ស្នើ​ឲ្យ​តុលាការ​ចេញ​បញ្ជា​បញ្ឈប់​ការ​វាយ​ប្រហារ​របស់​ថៃ មក​លើ​ប្រាសាទ​ព្រះវិហារ និង​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង កាល​ពី​ថ្ងៃ​ទី​២៨ មេសា បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​តុលាការ​បកស្រាយ​សេចក្ដី​សម្រេច​ឆ្នាំ​១៩៦២ យោង​តាម​ផែនទី​អន្តរជាតិ​ដែល​បាន​ទទួល​ស្គាល់​ដោយ​ភាគី​កម្ពុជា​ និង​ថៃ។
ក្នុង​សំណើ​ទៅ​តុលាការ​អន្តរជាតិ កម្ពុជា​បាន​បញ្ជាក់​ថា សេចក្ដី​សម្រេច​តុលាការ​កំណត់​ថា ប្រាសាទ​ព្រះវិហារ និង​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ស្ថិត​ក្នុង​បូរណភាព​ទឹក​ដី​កម្ពុជា ហើយ​ថៃ​ត្រូវ​មាន​តួនាទី​ដក​កងទ័ព​ខ្លួន និង​មន្ត្រី​ផ្សេង​ទៀត​ចេញ​ពី​ប្រាសាទ និង​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។ កម្ពុជា​បញ្ជាក់​បន្ថែម​ថា សេចក្ដី​សម្រេច​តុលាការ​ត្រូវ​បាន​ថៃ បដិសេធ​មិន​ទទួល​យក។
ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​បកស្រាយ​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ធ្វើ​ឡើង​ក្រោយ​ពី​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ មិន​អាច​បញ្ចប់​បាន​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក។ ជម្លោះ​ព្រំដែន​នៅ​តែ​បន្ត​កើត​ឡើង​បន្ថែម​ទៀត កាល​ពី​ថ្ងៃ​ទី​២២ មេសា នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ រហូត​ដល់​ថ្ងៃ​ទី​៣ ឧសភា ដែល​បាន​បណ្ដាល​ឲ្យ​ទាហាន​ភាគី​ទាំង​ពីរ​ស្លាប់​ចំនួន ១៨​នាក់ និង​បង្កើត​ឲ្យ​មាន​ជនភៀសសឹក​រាប់​ម៉ឺន​នាក់។
មន្ត្រី​ព័ត៌មាន​តុលាការ​យុត្តិធម៌​អន្តរជាតិ លោក បូរីស ហេម (Boris Heim) កាល​ពី​ថ្ងៃ​អង្គារ ទី​៣ ឧសភា មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តុលាការ​នឹង​កោះ​ប្រជុំ​បន្ទាន់​មួយ​ជា​អាទិភាព​ដើម្បី​ពិនិត្យ​សំណើ​កម្ពុជា ដែល​ស្នើ​ឡើង​ក្នុង​បំណង​ទប់ស្កាត់​ការ​វាយ​ប្រហារ​ពី​ថៃ មក​លើ​តំបន់​ប្រាសាទ​ព្រះវិហារ។ តុលាការ​ក៏​នឹង​បន្ត​ធ្វើ​ការ​បកស្រាយ​សេចក្ដី​សម្រេច​ខ្លួន​កាល​ពី​ឆ្នាំ​១៩៦២ ជា​លម្អិត​បន្ថែម​ទៀត។
លោក បូរីស ហេម មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ "កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​បកស្រាយ​សេចក្ដី​សម្រេច​ឆ្នាំ​១៩៦២ និង​ទី​ពីរ កម្ពុជា​ក៏​ស្នើ​ឲ្យ​មាន​វិធានការ​បន្ទាន់​មួយ ដោយ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ប្រយុទ្ធ​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ មេសា ដូច្នោះ​កម្ពុជា​ចង់​ឲ្យ​តុលាការ​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា និង​កុំ​ឲ្យ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​នេះ។ ចៅក្រម​តុលាការ​នឹង​ជួបជុំ​គ្នា​ជា​បន្ទាន់​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​សម្រេច​ការ​ស្នើ​សុំ​នេះ​ជា​បន្ទាន់ ហើយ​នៅ​ពេល​ណា​ដែល​មាន​សេចក្ដី​សម្រេច​យើង​នឹង​ប្រកាស"។
លោក បូរីស ហេម បន្ថែម​ទៀត​ថា បើ​ទោះ​បី​ជា​ថៃ បាន​អះអាង​ថា នឹង​ប្ដឹង​ជំទាស់​ការ​ស្នើ​សុំ​របស់​កម្ពុជា ប៉ុន្តែ​មក​ទល់​នឹង​ថ្ងៃ​ទី​៣ ឧសភា តុលាការ​ក៏​នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​នៅ​ឡើយ​ទេ។
ឯកសារ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ស្ដីពី​កម្ពុជា​បញ្ជាក់​ថា កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​តុលាការ ចោទ​ប្រកាន់​ថា ថៃ​បាន​កាន់កាប់​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ហើយ​ក៏​បាន​ទាមទារ​ឲ្យ​តុលាការ​ប្រកាស​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​បូរណភាព​ទឹក​ដី​ខ្លួន និង​ឲ្យ​ថៃ ដក​ទាហាន​ខ្លួន​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​ទាហាន​ថៃ បាន​គ្រប់គ្រង​តាំង​ពី​ឆ្នាំ​១៩៥៤។ ឯកសារ​បន្ត​ថា ភាគី​ថៃ បាន​ជំទាស់​នឹង​ការ​ស្នើ​សុំ​របស់​តុលាការ ប៉ុន្តែ​ការ​ជំទាស់​ត្រូវ​បាន​បដិសេធ​ដោយ​តុលាការ​កាល​ពី​ឆ្នាំ​១៩៦១។
ជា​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២ តុលាការ​បាន​សម្រេច​លើ​សន្ធិសញ្ញា​បារាំង-​សៀម ឆ្នាំ​១៩០៤ កំណត់​ថា ផែនទី​របស់​គណៈកម្មការ​ចម្រុះ​បញ្ជាក់​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ព្រំដែន​កម្ពុជា។ ថៃ​បាន​ជំទាស់​នឹង​សេចក្ដី​សម្រេច ដោយ​លើក​ឡើង​ថា ខ្លួន​មិន​បាន​ទទួល​ស្គាល់​ផែនទី​កំណត់​ដោយ​សន្ធិសញ្ញា​បារាំង-​សៀម ប៉ុន្តែ​តុលាការ​បាន​រក​ឃើញ​ថា ថៃ​ពិត​ជា​បាន​ទទួល​ស្គាល់​ផែនទី​នេះ​មែន ដូច្នោះ​តុលាការ​សម្រេច​ឲ្យ​ប្រាសាទ​ព្រះវិហារ ស្ថិត​ក្នុង​ទឹក​ដី​កម្ពុជា ហើយ​តុលាការ​បាន​បញ្ជា​ឲ្យ​ថៃ មាន​ភារកិច្ច​ដក​ទាហាន និង​ប៉ូលិស​ខ្លួន​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ហើយ​ថៃ​ត្រូវ​ប្រគល់​វត្ថុបុរាណ​ទាំង​ឡាយ​ដែល​បាន​យក​ចេញ​ពី​ប្រាសាទ។
លោក បូរីស ហេម បន្ថែម​ថា ការ​សម្រេច​របស់​តុលាការ​ជា​ការ​បិទ​ផ្លូវ​តវ៉ា ហើយ​មិន​អាច​សើរើ​បាន​នោះ​ទេ។ ការ​បកស្រាយ​សេចក្ដី​សម្រេច​ខ្លួន គ្រាន់តែ​ជា​ការ​កញ្ជាក់​លម្អិត​បន្ថែម​លើ​សាលក្រម និង​តុលាការ​នឹង​យក​សាលក្រម​ឆ្នាំ​១៩៦២ ជា​មូលដ្ឋាន ៖ "សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​ឆ្នាំ​១៩៦២ មិន​មែន​ជា​សាលក្រម​នោះ​ទេ ពីព្រោះ​យើង​មិន​មែន​ជា​តុលាការ​ឧក្រិដ្ឋកម្ម។ សេចក្ដី​សម្រេច​នេះ​មិន​អាច​ប្ដឹង​ឧទ្ធរណ៍​បាន​ទេ។ ការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ពិត​ណាស់​វា​នឹង​អាច​កើត​មាន គឺ​ជា​ការ​បកស្រាយ​លម្អិត​ពី​វិសាលភាព​សាលក្រម និង​អត្ថន័យ​នៃ​សាលក្រម​ឆ្នាំ​១៩៦២។ ការ​បកស្រាយ​នឹង​មិន​ជំនួស​លើ​សាលក្រម​ឆ្នាំ​១៩៦២ នោះ​ទេ"។
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង កាល​ពី​ថ្ងៃ​អង្គារ ទី​៣ ឧសភា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​តុលាការ​យុត្តិធម៌​ទាក់ទង​នឹង​ការ​ស្នើ​សុំ​របស់​កម្ពុជា នៅ​ឡើយ​ទេ។ ប៉ុន្តែ​អ្វី​ដែល​កម្ពុជា ចង់​បាន​នៅ​ពេល​បច្ចុប្បន្ន គឺ​បទ​ឈប់​បាញ់​គ្នា ដើម្បី​ទុក​ឱកាស​ឲ្យ​តុលាការ​បកស្រាយ​សេចក្ដី​សម្រេច​ឆ្នាំ​១៩៦២។
លោក កុយ គួង បន្ត​ថា ៖ «មន្ត្រី​រដ្ឋាភិបាល​ថៃ កាល​ពី​ថ្ងៃ​អង្គារ បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​គម្រោង​នឹង​ចរចា​ជាមួយ​មន្ត្រី​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​អាស៊ាន នៅ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​៦ និង ៨​ឧសភា ខាង​មុខ ដើម្បី​ស្វែង​រក​បទ​ឈប់​បាញ់ និង​ដោះស្រាយ​ជម្លោះ​ព្រំដែន។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​មាន​ព័ត៌មាន​ពី​ជំនួប​នេះ​នៅ​ឡើយ​ទេ»។
ព្រឹត្តិការណ៍​ចុង​ក្រោយ​ពី​ខេត្ត​ឧត្តរមានជ័យ ទាហាន​ថៃ និង​កម្ពុជា នៅ​បន្ត​ប្រយុទ្ធ​គ្នា បើ​ទោះ​បី​ជា​មាន​បទ​ឈប់​បាញ់​ពីរ​លើក​ក៏ដោយ។
ប្រភព​ពី​មន្ត្រី​យោធា​កម្ពុជា និង​ថៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​៣ ឧសភា ថា ​យ៉ាង​ហោច​ណាស់​ក៏​មាន​ទាហាន​ថៃ ម្នាក់​ស្លាប់ និង​រង​របួស ៣​នាក់ ចំណែក​ឯ​ភាគី​ទាហាន​ខ្មែរ​របួស​ម្នាក់​ ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ថ្ងៃ​ទី​៣ ឧសភា​នេះ៕
Share this article :

0 comments:

Post a Comment

Table Cell Table Cell
Table Cell Table Cell

សៀវភៅព្រះធម៌ជា PDFសម្រប់Dowload

Recent Postkkk

វិទ្យុខ្មែរនិងព័ត៌មានទូទាំងពិភពលោក

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. veasanakhmer - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger