ដោយ យន់ សាមៀន
2011-05-05
អ្នកវិភាគនយោបាយមួយចំនួនបានវិភាគថា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នាំឲ្យអ្នកនយោបាយទាំងសងខាងយកប្រើប្រាស់សម្រាប់កេងចំណេញបម្រើផលប្រយោជន៍នយោបាយរបស់ពួកគេ។
ការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ និងថៃ អស់រយៈពេល ១២ថ្ងៃ ក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ បានផ្អាកជាបណ្ដោះអាសន្នហើយ កាលពីថ្ងៃទី៤ ឧសភា ដោយភាគីយោធាទាំងសងខាងបានឯកភាពគ្នាធ្វើឲ្យស្ថានភាពតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី វិលទៅភាពប្រក្រតី ដូចមុនថ្ងៃទី២២ មេសា។
ការប្រយុទ្ធគ្នារយៈពេលជាង ១០ថ្ងៃ បានបណ្ដាលឲ្យទាហានខ្មែរ និងថៃចំនួន ១៨នាក់ស្លាប់ និងបណ្ដាលឲ្យពលរដ្ឋទាំងពីរប្រទេសប្រមាណ ៦ម៉ឺននាក់បាត់បង់ផ្ទះសម្បែងរបស់ខ្លួន។
អ្នកវិភាគនយោបាយបរទេស និងខ្មែរមួយចំនួនបានវិភាគថា ជម្លោះព្រំដែនកម្ពុជា និងថៃ មិនមែនត្រឹមតែការដណ្ដើមកាន់កាប់ដីតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែជម្លោះនេះបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់អ្នកនយោបាយខ្មែរ និងថៃ នៅពេលបច្ចុប្បន្ន។
អ្នកវិភាគចាត់ទុកថា រដ្ឋាភិបាលថៃបានចំណេញពីជម្លោះ គឺការពន្យារពេលការបោះឆ្នោតខ្លួននៅដើមខែកក្កដា និងអាចធ្វើជាលេសធ្វើរដ្ឋប្រហារយោធា ដើម្បីការពារកុំឲ្យគណបក្សប្រឆាំង ភឿ ថៃ (Puea Thai) ជាគណបក្សស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) ឈ្នះឆ្នោត និងបង្កើតរដ្ឋាភិបាលថ្មីបាន។ ចំណែកឯកម្ពុជាវិញ បុរសខ្លាំង លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ បានបង្កើនប្រជាប្រិយភាពក្នុងការបន្តការគ្រប់គ្រងអំណាចខ្លួន និងការស្នងតំណែង។
បញ្ហាព្រំដែននេះក៏បានជួយបង្កលក្ខណៈឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បង្វែរការចាប់អារម្មណ៍ពីបញ្ហាសំខាន់ៗក្នុងសង្គមដទៃទៀត ដូចជាបញ្ហាសិទ្ធិមនុស្ស ការបណ្ដេញពលរដ្ឋពីលំនៅឋានដោយបង្ខំ និងការគាបសង្កត់អ្នកនយោបាយប្រឆាំងជាដើម។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលខ្មែរ និងថៃ បានបដិសេធការវិភាគនេះ ដោយបានអះអាងថា ជម្លោះព្រំដែនមិនពាក់ព័ន្ធនឹងនយោបាយនោះទេ។
ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃពុធ ទី៤ ឧសភា បានប្រកាសថា ក្រោយពីបទឈប់បាញ់ចំនួនពីរលើកបានបរាជ័យកាលពីខែមេសា និង ឧសភា។ មន្ត្រីជាន់ខ្ពស់យោធាទាំងពីរភាគីយល់ព្រមឲ្យមានបទឈប់បាញ់គ្នាជាលើកទីបី។
មន្ត្រីរដ្ឋាភិបាលខ្មែរកាលពីថ្ងៃពុធ ទី៤ ឧសភា នៅមិនទាន់ហ៊ានសន្និដ្ឋានបានថា តើការប្រយុទ្ធគ្នានឹងអាចផ្អាកបាននៅឡើយទេ បើទោះបីមានបទឈប់បាញ់ក៏ដោយ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ពីតំបន់សឹកខេត្តឧត្តរមានជ័យថា ការផ្អាកការឈប់បាញ់បាន ឬក៏មិនបាន វាអាស្រ័យទៅលើស្នូរកាំភ្លើងរបស់ថៃ។
លោកបន្តថា ការប្រយុទ្ធគ្នាតាមខ្សែបន្ទាត់ព្រំដែនប្រវែង ២០០គីឡូម៉ែត្រ បានបណ្ដាលឲ្យពលរដ្ឋខ្មែរប្រមាណ ៥ម៉ឺននាក់បោះបង់ចោលផ្ទះសម្បែងដោយសារសុវត្ថិភាពខ្លួន។ ជម្លោះព្រំដែនចាប់តាំងពីឆ្នាំ២០០៨ នៅតំបន់ក្បែរប្រាសាទព្រះវិហារ បានរាលដាលទៅដល់តំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។
ការប្រយុទ្ធគ្នាកាលពីខែកុម្ភៈ នៅក្បែរប្រាសាទព្រះវិហារ បានបណ្ដាលឲ្យទាហានខ្មែរ ៨នាក់ស្លាប់ និងទាហានថៃ ៣នាក់ស្លាប់ ចំណែកឯការប្រយុទ្ធគ្នាចុងក្រោយនៅខេត្តឧត្តរមានជ័យ បានបណ្តាលកងទ័ពខ្មែរស្លាប់ ៩នាក់ និងថៃស្លាប់ ៩នាក់។
នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ កាលពីថ្ងៃពុធ បានមានប្រសាសន៍ថា លោកមិនសង្ឃឹមបទឈប់បាញ់គ្នាចុងក្រោយនេះថា នឹងអាចរក្សាបានយូរនោះទេ ដរាបណាគ្មានអ្នកទីបីតាមដានការអនុវត្តបទឈប់បាញ់នោះ។
លោកបន្តថា ការប្រយុទ្ធរវាងកងទ័ពខ្មែរ និងថៃម្តងៗ ភាគីទាំងពីរបានចំណេញនយោបាយរៀងខ្លួនៗ។ មន្ត្រីភាគីថៃ នឹងអាចរក្សាតំណែងខ្លួននៅពេលដែលរដ្ឋាភិបាលកម្ពុជា អាចស្វែងរកប្រជាប្រិយភាពខ្លួនពីអ្នកជាតិនិយមតាមរយៈបញ្ហាព្រំដែន។
មន្ត្រីវិភាគក្រុមប្រឹក្សាទំនាក់ទំនងបរទេស មានទីតាំងនៅសហរដ្ឋអាមេរិក បានចាត់ការប្រយុទ្ធគ្នាចុងក្រោយនេះថា អាចបង្វែរការចាប់អារម្មណ៍ទៅលើកម្ពុជា អំពីបញ្ហាបណ្ដេញពលរដ្ឋចេញពីលំនៅឋាន ជម្លោះសហជីព និងការគាបសង្កត់សិទ្ធិបញ្ចេញមតិ។
លោក ចូហ្សួ ខឺឡានហ្សិក (Joshua Kurlantzick) ត្រូវបានទីភ្នាក់ងាររ៉យធឺរ (Reuters) ដកស្រង់សម្ដីថា ជម្លោះព្រំដែនបានបង្កើតឲ្យមានកំហឹងអ្នកជាតិនិយម ដើម្បីបង្វែរការយកចិត្តទុកដាក់បញ្ហាសំខាន់ៗមួយចំនួនពីកម្ពុជា។ លោកព្រមានថា ប្រសិនបើបញ្ហាក្នុងស្រុកកម្ពុជា មិនដោះស្រាយឲ្យបានចប់សព្វគ្រប់នោះទេ បញ្ហាប្រាសាទព្រះវិហារក៏នឹងមិនអាចបញ្ចប់បានទេ។
គណបក្សប្រឆាំងគណបក្ស សម រង្ស៊ី ធ្លាប់បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បង្កើតឲ្យមានបញ្ហាព្រំដែនជាមួយនឹងថៃ ដោយសារតែបញ្ហាព្រំដែនជាមួយនឹងប្រទេសវៀតណាម មិនអាចដោះស្រាយបាន។ ប្រធានគណបក្ស សម រង្ស៊ី ត្រូវបានតុលាការកាត់ឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ ពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម និងបទផ្សព្វផ្សាយព័ត៌មានមិនពិត។
បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា កំពុងរងការគាបសង្កត់ពីប្រទេសម្ចាស់ជំនួយពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការ និងសមាគមក្រៅរដ្ឋាភិបាល ក្រោយពីច្បាប់នេះត្រូវបានតាក់តែងដើម្បីគាបសង្កត់សិទ្ធិសេរីភាពអង្គការសង្គមស៊ីវិលនៅកម្ពុជា។
មន្ត្រីរដ្ឋាភិបាលកម្ពុជា បដិសេធការលើកឡើងនេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង កាលពីថ្ងៃពុធ មានប្រសាសន៍ថា រដ្ឋាភិបាលក្រុងភ្នំពេញ កំពុងស្វែងរកដំណោះស្រាយជម្លោះព្រំដែនមួយជាស្ថាពរ ដោយស្នើសុំឲ្យមានការបកស្រាយសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice) ឆ្នាំ១៩៦២។ កម្ពុជាក៏បានយល់ព្រមតាមការស្នើសុំឲ្យមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មកតាមដានតំបន់ជម្លោះព្រំដែន ក្រោយពេលថៃ បានកែប្រែចំណុចសម្រាប់អ្នកសង្កេតការណ៍មក។
អ្នកវិភាគនិងអ្នកនយោបាយមួយចំនួនធ្លាប់បានលើកសំណួរសួររដ្ឋាភិបាលក្រុងភ្នំពេញថា តើហេតុអ្វីបានជារដ្ឋាភិបាលបណ្ដោយឲ្យស្ថានភាពយោធាក្លាយទៅជាការប្រយុទ្ធគ្នាជាលក្ខណៈទ្រង់ទ្រាយធំ ចាប់តាំងពីឆ្នាំ២០០៨ ដោយខកខានមិនបានប្ដឹងតុលាការយុត្តិធម៌អន្តរជាតិ។
បើទោះបីនាយករដ្ឋមន្ត្រីខ្មែរ និងថៃ មានគម្រោងជួបចរចាគ្នានៅក្នុងកិច្ចប្រជុំអាស៊ាន នៅថ្ងៃទី៧ និង ៨ ឧសភា ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន ប៉ុន្តែលទ្ធផលនៃការចរចាប្រហែលជាមិនអាចដោះស្រាយបញ្ហាព្រំដែនបាន ដោយសារតែកម្ពុជាមិនព្រមចរចាបញ្ហាព្រំដែនជាលក្ខណៈទ្វេភាគី។
អ្នកវិភាគខ្លះគិតថា ការមិនព្រមចរចាទ្វេភាគី ដោយសារកម្ពុជាចង់អូសបន្លាយពេលវេលាជម្លោះ។
អ្នកវិភាគរបស់ក្រុម Eurasia Group លោក រ៉ូប៊ើតូ ហ៊ឺរីរ៉ា លីម (Roberto Herrera-Lim) បានលើកឡើងថា ហេតុផលកម្ពុជាពីក្រោយការវាយប្រហារគឺសាមញ្ញ។ លោកថា លោក ហ៊ុន សែន បានប្រមែប្រមូលពិន្ទុនយោបាយក្នុងស្រុកជាច្រើន ដោយសារការតតាំងជាមួយនឹងថៃ។ ដូច្នោះដរាបណាការខូចខាតផ្នែកយោធាតិចតួច លោក ហ៊ុន សែន បានទទួលលទ្ធផលបានច្រើនឥតគណនា៕
0 comments:
Post a Comment