ដូចអ្វីដែលមានលើកឡើងនេះ គេកត់សម្គាល់ឃើញថា បានធ្វើឲ្យសង្គមខ្មែរប្រឈមទៅនឹងវិបត្តិផ្ទៃក្នុងពីយុគមួយទៅយុគមួយមិនចេះចប់រវាងបងប្អូនសាច់ឈាមតែមួយ។ ដែលការច្បាំងគ្នាដណ្ដើមអំណាចផ្ដាច់មុខរវាងខ្មែរ និងខ្មែរបានធ្វើឲ្យទឹកដីខ្មែរជាច្រើនអនេកធ្លាក់ចូលក្នុងកណ្ដាប់ដៃពួកចោរបរទេសជិតខាង ហើយពលរដ្ឋខ្មែរបាននិរាសព្រាត់ប្រាស់រស់នៅក្រោមអំណាចរដ្ឋបាលផ្សេងៗគ្នា នៃបរទេសដែលជាចោរទាំងនោះ។ ដូចជាខ្មែររស់នៅសុរិន្រ្ទ, ស្រៈកែវ, បុរីរាមជាដើមដែលស្ថិតក្រោមការគ្រប់គ្រងរបស់សៀមនិងខ្មែររស់នៅមាត់ជ្រូក, ពុលលាវ, រោងដំរី… ដែលស្ថិតក្រោមការគ្រប់គ្រងរបស់យួនជាដើម។ ពលរដ្ឋខ្មែរទាំងនោះរស់នៅលើទឹកដីរបស់ខ្លួនតែគ្រប់គ្រងដោយពួកបរទេស។ ហើយពេលខ្លះអាជ្ញាធររដ្ឋាភិបាលយួន-សៀមថែមទាំងបានចាត់ទុកពលរដ្ឋខ្មែរដែលជាម្ចាស់ស្រុក ម្ចាស់ទឹកដីថា ជាជនអន្តោគ្រាមដែលគួរឲ្យឈឺចុកចាប់បំផុត។ ទាំងនេះគឺផ្ដើមចេញពីការបែកបាក់ក្នុងសង្គមខ្មែរ, ការខ្វះសាមគ្គីធម៌រវាងខ្មែរ និងខ្មែរ និងភាពល្ងង់ខ្លៅអសមត្ថភាពរបស់មេដឹកនាំខ្មែរ។
ហើយអ្វីដែលធ្វើឲ្យអតីតប្រទេសចក្រភពមួយនេះឱនថយបាក់ផ្នត់ងើបលែងរួចនោះ គឺការបាត់បង់ធនធានមនុស្ស។ ដើម្បីការពារអំណាចរបស់ខ្លួនឲ្យបានយូរតាមរបៀបស្វាបានដូងជាមួយការដាក់ខ្លួនធ្វើជាធ្វើជាឆ្កែឆ្មារបរទេសពួកមេដឹកនាំខ្មែរនៅបានងាកមកកាប់សម្លាប់បញ្ញាជនខ្មែរដែលមានទស្សនៈផ្ទុយពីខ្លួនយ៉ាងរង្គាលទៀតផង។ គឺទាំងបរទេសដែលជាបច្ចាមិត្ដរបស់ខ្មែរ ក៏មានគោលដៅសម្លាប់ពួកបញ្ញវន្តខ្មែរទាំងមេដឹកនាំខ្មែរក៏បានចាត់ទុកពួកអ្នកចេះដឹងជាមុខសញ្ញា នៃការកាប់សម្លាប់ដូចគ្នា។ ព្រោះតែក្រុមបញ្ញវន្តជាប្រភេទមនុស្សដែលឆាប់មើលឃើញពីគុណវិបត្តិរបស់ពួកគេ ហើយឆាប់ធ្វើការរើបម្រាស់។
ដោយមិនបាច់និយាយឯណាវែងឆ្ងាយដូចជាក្នុងរបបគ្រប់គ្រងរបស់ពួកខ្មែរក្រហម, ពួកនេះបានចាត់ទុកពួកអ្នកមានចំណេះដឹងខ្ពស់ៗសុទ្ធតែជាខ្មាំងសត្រូវហើយបានធ្វើការកាប់សម្លាប់គ្មានក្រែងញញើតដៃ។ ដែលធ្វើឲ្យធន់ធានមនុស្សរបស់កម្ពុជាបាត់បង់ក្នុងសភាពគួរឲ្យតក់ស្លុតបំផុត។ ដែលនេះគឺជាវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបង្ករឡើងពីមេដឹកនាំខ្មែរ ពីការកំណត់សត្រូវរបស់ខ្លួនមិនច្បាស់ ឬមួយក៏វង្វេងសត្រូវរបស់ខ្លួន។
ខាងលើនេះជាមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់បំផុតដែលប្រជាពលរដ្ឋខ្មែរនិងពួកមេដឹកនាំខ្មែរត្រូវតែចងចាំធ្វើយ៉ាងណាដើម្បីចៀសវាងពីគន្លងដ៏អាស្រូវទាំងនេះ។ ប៉ុន្ដែទំនងជាពុំដូច្នេះទេ, នោះគឺជាអ្វីដែលគេកត់សម្គាល់ឃើញថា ពួកមេដឹកនាំខ្មែរបច្ចុប្បន្នក្នុងឋានៈជាអ្នកឈ្នះបានចាត់ទុកកម្ពុជាជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួន។ ដែលខណៈនេះ សិទ្ធិជាម្ចាស់ប្រទេសរបស់ប្រជាពលរដ្ឋសាមញ្ញទូទៅត្រូវបានគេជាន់ឈ្លី និងបាតជើង។
ហ៊ុន សែន ធ្លាប់បានថ្លែងជាសាធារណៈនៅចំពោះមុខប្រជាពលរដ្ឋខ្មែរដោយបានចាត់ទុកប្រទេសកម្ពុជាថា ជានំក្រូចឬក៏បាយមួយឆ្នាំងសម្រាប់ខ្លួន និងក្រុមបក្ខពួករបស់គេ ហើយបានប្រឹងប្រែងរកវិធីកម្ចាត់ខ្មែររួមទាំងបរទេសខ្លះផងដែលមានទស្សនៈប្រឆាំងចំពោះយុទ្ធសាស្ត្រដឹកនាំប្រទេសរបស់ខ្លួន។ ការដឹកនាំប្រទេសរបស់ហ៊ុន សែន ដែលទទួលរងការរិះគន់ថា ស្ថិតក្រោមការចង្អុលបញ្ជារបស់យួន និងធ្វើឲ្យផលប្រយោជន៍ជាតិមានទឹកដីរួមទាំងសម្បត្តិធម្មជាតិនានាបាត់បង់ទៅយួន។ ហើយជាពិសេសនោះ អត្រាកំណើននៃជនជាតិយួនរស់នៅលើទឹកដីខ្មែរ។
ប៉ុន្តែបើទោះជាដូច្នេះក្ដី នៅពេលដែល ហ៊ុន សែន ត្រូវបានគេមើលឃើញទាំងព្រម គ្មានសេសសល់ថា ជាឧបករណ៍របស់យួន ដូចនេះការធ្វើការងារបម្រើឲ្យផលប្រយោជន៍ឲ្យយួនរបស់ ហ៊ុន សែន ប្រាកដជាគ្មានអ្វីដែលធ្វើឲ្យពលរដ្ឋត្រូវភ្ញាក់ផ្អើលឡើយ។ តែអ្វីដែលសំខាន់នោះ គឺគណបក្សនយោបាយខ្លះដែលអួតថា ខ្លួនជាអ្នកស្នេហាជាតិមានឧត្ដមគតិជាតិខ្ពង់ខ្ពស់ ជាគណបក្សប្រឆាំងប៉ុន្ដែហាក់ដូចជាបានធ្វើសកម្មភាពបម្រើឲ្យផលប្រយោជន៍យួនដោយពុំដឹងខ្លួនទៅវិញ។
បច្ចុប្បន្នជាមួយឈ្មោះជាគណបក្សប្រឆាំង ប៉ុន្តែពេលនេះគេពុំបានឃើញគណបក្សសមរង្ស៊ីដែលទទួលបានអាសនៈ២៦ក្នុងរដ្ឋសភា និងគណបក្សសិទ្ធិមនុស្សដែលទើបបង្កើតថ្មីមានអាសនៈចំនួន៣បំពេញតួនាទីជាបក្សប្រឆាំងបំរើការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងប្រទេសជាតិឡើយ ក្រៅតែពីការចំណាយពេលវាយប្រហារហែកហួរតែគ្នាឯង ធ្វើឲ្យសត្រូវចំអកឡកឡឺយ។
ដោយចោទថា មេដឹកនាំគណបក្សសមរង្ស៊ី គឺលោកសម រង្ស៊ី ជាមនុស្សផ្ដាច់ការប្រកាន់ទស្សនៈចង្អៀតចង្អល់ជាមូលហតុធ្វើឲ្យគណបក្សទាំងពីរមិនអាចច្របាច់បញ្ចូលគ្នាបាន។ ចំណែកភាគីគណបក្សសមរង្ស៊ីក៏បានធ្វើការចោទប្រកាន់ថា គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ជាគណបក្សអាយ៉ងដែលបង្កើតឡើងដើម្បីបម្រើឲ្យយុទ្ធសាស្ត្រគណបក្សប្រជាជន។ ដែលត្រូវបានគេមើលឃើញថា វាជាជម្លោះដ៏ល្ងង់ខ្លៅមួយ។
តាមពិតទៅបើសិនជាគណបក្សប្រឆាំងទាំងពីរមានឧត្ដមគតិជាតិពិតប្រាកដនោះ ទំនងជាអាចកំណត់បាននូវសត្រូវរួមរបស់ខ្លួននោះ គឺការឈ្លានពានទឹកដីពីសំណាក់បរទេសជិតខាង, ការហូរចូលយ៉ាងកកកុញជនជាតិយួនមករស់នៅលើទឹកដីខ្មែរ, អំពើផ្ដាច់ការពុករលួយដែលបង្កឡើងដោយរដ្ឋាភិបាលទីក្រុងភ្នំពេញ។ល។ គឺមិនមែនចាត់ទុកគ្នាឯងជាសត្រូវនោះទេ។
ការដែលគណបក្សទាំងពីរមិនអាចរកលទ្ធភាពច្របាច់បញ្ចូលគ្នាឲ្យទៅជាគណបក្សប្រជាធិបតេយ្យខ្លាំងតែមួយបាននៅពេលនេះ វាមិនមែនសំខាន់រហូតក្លាយជាមូលហេតុនៃការវាយប្រហារគ្នា ដោយពាក្យសម្ដីនោះទេ។ នៅទីណាក៏ដោយ, កន្លែងណាក៏ដោយសំខាន់គឺយើងមានឆន្ទៈឧត្ដមគតិជាតិដូចគ្នា, នោះវាពិតជាការប្រសើរហើយ។ ហើយការឈ្លោះប្រកែកគ្នារវាងអ្នកប្រជាធិបតេយ្យវាពិតជារឿងដ៏អាម៉ាស់បំផុតនៅចំពោះមុខសត្រូវ។ ដូច្នេះគណបក្សទាំងពីរត្រូវតែកំណត់សត្រូវរបស់ខ្លួនឲ្យបានច្បាស់ នោះគឺយួន, សៀមដែលកំពុងតែប្រើប្រាស់មហិច្ឆតាលេបត្របាក់ទឹកដីខ្មែរតាមគ្រប់វិធី និងរដ្ឋាភិបាលអាយ៉ងយួនក្រុងភ្នំពេញឯហ្នេះទេ៕
0 comments:
Post a Comment