ព្រហស្បតិ៍ 19 ឩសភា 2011 11:13 AM | ដោយ ស បទុម
សម្រាប់សហភាពសជីពការងារកម្ពុជា ប្រាក់បៀវត្សរ៍ដែលរដ្ឋាភិបាល ហ៊ុន សែន ផ្ដល់ឲ្យទៅអ្នកបំរើការងាររបស់ខ្លួនមិនអាចធ្វើឲ្យពួកគាត់រស់ក្នុងជីវភាពសមរម្យជាមនុស្សបានទេ។ ហើយពេលនេះ ខណៈដែលតម្លៃទំនិញគ្រប់ប្រភេទនៅតាមទីផ្សារកាន់តែហក់ឡើងខ្ពស់នោះ វារឹងរឹតតែធ្វើឲ្យពួកគាត់កាន់តែពិបាករស់ថែមទៀត។
នៅក្នុងលិខិតមួយច្បាប់ដែលផ្ញើឲ្យ ហ៊ុន សែន នាយករដ្ឋមន្រ្ដីប្រទេសកម្ពុជានៅថ្ងៃទី១៩ ឧសភានេះ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានអត្ថាធិប្បាយលើកឡើងថា សព្វថ្ងៃនេះ តម្លៃទំនិញសព្វសារពើនៅលើទីផ្សារបានហក់ឡើងខ្ពស់មិនដែលធ្លាប់មាន ជាពិសេសតម្លៃប្រេងឥន្ធនៈដែលបង្កការលំបាកយ៉ាងខ្លាំងក្លាដល់ជីវភាពរស់នៅរបស់ក្រុមមន្រ្ដីរាជការ គ្រូបង្រៀន កម្មករនិយោជិក នគរបាល ទាហានដែលមានប្រាក់បៀវត្សរ៍ទាប រួមជាមួយនឹងប្រជាពលរដ្ឋដែលក្រីក្រ។
ជាមួយការឆ្លៀតសរសើររដ្ឋាភិបាលដែលថា បានតម្លើងប្រាក់ឈ្នួល៥ដុល្លារ និងបញ្ចូលប្រាក់ឧបត្ថម្ភជីវភាព៦ដុល្លារទៅក្នុងប្រាក់ខែគោលរបស់កម្មករនិយោជិក និងបានតម្លើងប្រាក់២០ភាគរយនៃប្រាក់បៀវត្សរ៍គោលឲ្យដល់គ្រូបង្រៀន និងមន្រ្ដីរាជការសម្រាប់ឆ្នាំ២០១១នេះ។ ប៉ុន្ដែស្របគ្នាតម្លៃទំនិញនៅតាមទីផ្សារបានហក់ឡើងខ្ពស់ជាងប្រាក់ខែដែលបណ្ដាលឲ្យជីវភាពរស់នៅរបស់គ្រូបង្រៀន និងកម្មករនិយោជិកនៅតែមានគម្លាតឆ្ងាយពីជីវភាពរស់នៅសមរម្យ។
សហភាពសហជីពការងារកម្ពុជាបានថ្លែងកត់សម្គាល់ថា កត្ដាខ្វះខាតជីវភាពគឺជាឥទ្ធិពលដ៏អាក្រក់ប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់ពួកគេ និងធ្វើឲ្យមនុស្សបាត់បង់ភាពថ្លៃថ្នូរនិងសីលធម៌ដូចជាគ្រូបង្រៀនភាគច្រើនប្រព្រឹត្ដខុសនិងនិយាមគរុកោសល្យ គ្រូបង្រៀនយកលុយពីសិស្សលក់នំចំណីក្នុងថ្នាក់ និងលក់ពិន្ទុឲ្យសិស្ស។ល។
ចំពោះបញ្ហានេះ សហភាពសហជីពកម្ពុជាបានស្នើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ និងបង្កើតឲ្យមានយន្ដការប្រសិទ្ធភាពដោះស្រាយតម្លៃទំនិញនៅលើទីផ្សារដែលហក់ឡើងខ្ពស់ឲ្យស្ថិតនៅក្នុងតម្លៃមួយសមរម្យដែលអាចឲ្យកម្មករនិយោជិកមន្រ្ដីរាជការគ្រូបង្រៀនរស់នៅក្នុងភាពថ្លៃថ្នូរជាមនុស្សបាន៕
0 comments:
Post a Comment