ដោយ ដែន អយុធ្យា
2011-05-14
តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៤៩ ស្ថាប័ននៅកម្ពុជា បានប្រតិកម្មតបទៅថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ដែលសង្គមស៊ីវិលទាំងនេះបានអះអាងថា ភាគីថៃកំពុងបង្ហាញពីភាពក្រឡេចក្រឡុចគេចវេះមិនព្រមទទួលយកកម្លាំងអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មកសង្កេតការណ៍នៅតំបន់មានជម្លោះ។
អង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា បានសម្ដែងប្រតិកម្ម ថ្កោលទោសរដ្ឋាភិបាលថៃ ដោយពួកគេបានអះអាងនៅថ្ងៃទី១២ ខែឧសភា ថា រដ្ឋាភិបាលថៃកំពុងព្យាយាមទាត់ចោលលទ្ធផលនៃកិច្ចប្រជុំរវាងថ្នាក់រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ និងឥណ្ឌូណេស៊ី នៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១១។
ការបញ្ចេញប្រតិកម្មតបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) កាលពីថ្ងៃទី១០ ខែឧសភា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា បើកម្ពុជាមិនដកទ័ពចេញពីតំបន់ ៤,៦គីឡូម៉ែត្រក្រឡា ក្បែរប្រាសាទព្រះវិហារទេ ប្រទេសថៃនឹងមិនអនុម័តលើកិច្ចព្រមព្រៀងទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មកតំបន់ព្រំដែននោះទេ។
លទ្ធផលនៃកិច្ចប្រជុំត្រីភាគីកម្ពុជា-ថៃ និងឥណ្ឌូណេស៊ី នៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី៩ ខែឧសភា បានសម្រេចលើកញ្ចប់វិធានការមួយមានចំនួន ៦ចំណុច ក្នុងនោះរដ្ឋាភិបាលថៃ បានសន្យាថា នឹងចុះហត្ថលេខាទទួលយកលក្ខខណ្ឌប្រតិបត្តិនៃអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ដោយមិននិយាយពីលក្ខខណ្ឌឲ្យកម្ពុជាដកទ័ពចេញពីព្រះវិហារ និងតំបន់ជុំវិញនោះទេ។
លោក ថៅ វាសនា ប្រធានសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ដែលអះអាងជាតំណាងសង្គមស៊ីវិលចំនួន ១៤៩ស្ថាប័ននៅកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា បានចាត់ទុកទង្វើរបស់ថ្នាក់ដឹកនាំថៃ បានបង្ហាញពីពុតត្បុតអាក្រក់ និងបង្ហាញឲ្យសាធារណៈមតិជាតិ អន្តរជាតិ ឃើញកាន់តែច្បាស់ថា ថៃគ្មានឆន្ទៈស្វែងរកដំណោះស្រាយជម្លោះព្រំដែនប្រទេសទាំងពីរដោយសន្តិវិធីនោះទេ។
បន្ថែមលើសនេះ ថៃក៏កំពុងព្យាយាមចិញ្ចឹមទំនាស់ និងយកកម្ពុជាធ្វើជាចំណាប់ខ្មាំងនៃវិបត្តិនយោបាយផ្ទៃក្នុងខ្លួន និងកំពុងប្រើយន្តការសង្គ្រាម ដើម្បីឈ្លានពានចង់កាន់កាប់ទឹកដីកម្ពុជា។
លោក ថៅ វាសនា ដែលជាប្រធានសមាគមសិទ្ធិមនុស្សកម្ពុជា-អាស៊ាន ផងនោះ បានចាត់ទុលភាពក្រឡេចក្រឡុចរបស់ថ្នាក់ដឹកនាំថៃថា បាននិងកំពុងបន្ទច់បង្អាក់នូវកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាស៊ាន ក្នុងការបង្កើតឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍។
ស្រដៀងគ្នាដែរ លោក ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ក្រៅពីថ្លែងថ្កោលទោសចំពោះភាពមិនទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំកំពូលៗរដ្ឋាភិបាលថៃ មន្ត្រីរូបនេះក៏បានចាត់ទុកទង្វើរបស់រដ្ឋាភិបាលថៃ ថាមិនមានចេតនាពិតរកដំណោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ដោយសន្តិភាពនោះទេ។
លោកបន្តថា ៖ «សហគមន៍នៅក្នុងតំបន់មានការសោកស្ដាយចំពោះភាពផ្លាស់ប្ដូរ ឬក៏ភាពក្រឡេចក្រឡុចរបស់ថៃ ក្នុងការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរ គឺបានបញ្ជាក់ថា ថៃមិនមានឆន្ទៈនយោបាយពិតប្រាកដដោះស្រាយជម្លោះទេ គឺថៃនៅតែបន្តផ្លាស់ប្ដូរគោលជំហររបស់ខ្លួន ហើយដាក់លក្ខខណ្ឌដែលមិនអាចទទួលយកបាន ដើម្បីបន្ទច់បង្អាក់ទៅនឹងដំណើរការនៃការវិវត្តន៍ក្នុងការដោះស្រាយជម្លោះ ដោយយើងទទួលយកនូវអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី។ ជាអ្វីមួយសោកស្ដាយ ហើយបង្ហាញថា ថៃមិនមានឆន្ទៈនយោបាយពិតប្រាកដទេ»។
ជម្លោះនេះដែរ លោក ប៉ូ សំណាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម បានថ្លែងដោយដាក់ក្ដីសង្ឃឹមទៅលើក្រុមប្រឹក្សាអង្គការសហប្រជាជាតិ និងការបកស្រាយសាលក្រមតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ឆ្នាំ១៩៦២ ទើបអាចបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ បាន។
លោក ប៉ូ សំណាង បន្ថែម ៖ «យើងមិនបាច់ទៅវែងឆ្ងាយជាមួយភាគីថៃទៀតទេ ពីព្រោះយើងឃើញថា បំណងរបស់គេ គេរាំងស្ទះបាត់ទៅហើយ គឺគេមានលំនឹងរបស់គេខ្ពស់នៅក្នុងអាស៊ាន រួចហើយ។ ដូច្នេះកម្ពុជា សង្ឃឹមតែទៅលើអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសន្តិសុខ និងសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ លើកយកមកបកស្រាយនោះ»។
អនុរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក រីឆាត រ៉ោត ជែម (Richard Riot Jaem) ថ្មីៗនេះបានប្រាប់កាសែតថា ជម្លោះព្រំដែនកម្ពុជា-ថៃ ប្រសិនបើថៃឯកភាព និងគោរពកិច្ចព្រមព្រៀងទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មានវត្តមាននៅតំបន់មានជម្លោះ គឺការប្រយុទ្ធគ្នាដោយអាវុធនឹងមិនអាចកើតទៀតទេ។
យ៉ាងណាក៏ដោយ សេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី១២ ខែឧសភា តំណាងឲ្យស្ថាប័នឯករាជ្យចំនួន ១៤៩ នៅកម្ពុជា បានថ្កោលទោសចំពោះការអនុវត្តនយោបាយវាតទីនិយមរបស់ថ្នាក់ដឹកនាំថៃ ប្រឆាំងនឹងកម្ពុជា ដែលតែងបង្កឡើងជាញឹកញាប់ក្នុងមហិច្ឆតានយោបាយខ្ចប់ទ្វារវាយកម្ពុជា ដើម្បីបម្រើឲ្យយុទ្ធសាស្ត្រឈ្លានពានទឹកដីសំអាងលើផែនទីឯកតោភាគីនោះ។
កាលពីថ្ងៃទី១០ ខែឧសភា លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បន្ទាប់ពីវិលត្រឡប់ពីចូលរួមប្រជុំត្រីភាគីកម្ពុជា ថៃ ឥណ្ឌូណេស៊ី បានឲ្យអ្នកកាសែតដឹងថា កិច្ចព្រមព្រៀងជាកញ្ចប់ ៦ចំណុច ដែលកម្ពុជា-ថៃ បានព្រមព្រៀងជាមួយគ្នា បើទោះបីជារដ្ឋាភិបាលលោក អាភីស៊ិត វេតឆាឈីវ៉ាក់ បានក្លាយជារដ្ឋាភិបាលចាំផ្ទះក្រោយពីការរំលាយសភាក៏ដោយ ក៏រដ្ឋាភិបាលនេះនៅដំណើរការជាធម្មតា ហើយថា ប្រទេសនីមួយៗនឹងស្នើទៅរដ្ឋាភិបាលរបស់ខ្លួនឲ្យទទួលយកការព្រមព្រៀងជាកញ្ចប់នេះ ដោយវិជ្ជមានឆាប់ៗតាមដែលអាចធ្វើទៅបាន។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកសកម្មភាពរបស់ក្រុមអង្គការសង្គមស៊ីវិល ចំពោះបញ្ហាព្រំដែនថា ជាឆន្ទៈរបស់ពួកគេ។ ប៉ុន្តែជម្លោះព្រំដែននេះ រដ្ឋាភិបាលកំពុងរង់ចាំការឆ្លើយតបការបកស្រាយសាលក្រមពីស្ថាប័នតុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលកម្ពុជាបានស្នើកិច្ចអន្តរាគមន៍រួចហើយនោះ។
លោក ផៃ ស៊ីផាន បន្ថែម ៖ «គ្មានអ្វីក្រៅពីអនុវត្តន៍នូវស្មារតីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយនិងការគោរពនូវកិច្ចប្រឹងប្រែងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី ដែលជាប្រធានរបស់អាស៊ាន»។
បន្ថែមលើនេះ សង្គមស៊ីវិលក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យចាត់វិធានការម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បីទប់ស្កាត់មហិច្ឆតាល្មោភសង្គ្រាម និងបញ្ឈប់សកម្មភាពឈ្លានពាន ដែលថៃបង្កមកលើកម្ពុជា ក៏ដូចជាបញ្ចៀសនូវការបាត់បង់អាយុជីវិត មនុស្សជាតិទាំងសងខាង។
ទោះជាបែបណាក្ដី តំណាងអង្គការសមាគមមិនមែនរដ្ឋាភិបាល និងសហជីពចំនួន ១៤៩ស្ថាប័ននៅកម្ពុជា បានប្រកាសគាំទ្រនូវជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងថា កម្ពុជាមិនអាចដកកងទ័ព និងប្រជាពលរដ្ឋចេញពីទឹកដីរបស់ខ្លួន ឬចេញពីតំបន់ ៤,៦គីឡូម៉ែត្រក្រឡាក្បែរប្រាសាទព្រះវិហារ ដែលថៃបានទាមទារនោះទេ៕
0 comments:
Post a Comment