ដោយ សុខ សេរី
2011-05-10
សាលាឧទ្ធរណ៍កម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១១ បានបើកសវនាការជម្រះក្ដីលើសំណុំរឿងរបស់លោក សម រង្ស៊ី ក្រោមបទចោទថា បានក្លែងបន្លំឯកសារផែនទីកម្ពុជា-វៀតណាម។

មេដឹកនាំគណបក្សសមរង្ស៊ី លោក សម រង្ស៊ី ក្នុងអំឡុងពេលប្រារព្ធខួបទី១៨នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅឯទីស្នាក់ការក្នុងរាជធានីភ្នំពេញ នាថៃ្ង២៣ តុលា ២០០៩។
ឯកសារនោះបានអះអាងថា ការបោះតម្រុយបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង បានធ្វើឲ្យកម្ពុជា បាត់បង់ទឹកដីជម្រៅពី ៣០០ម៉ែត្រ ទៅ ៥០០ម៉ែត្រ ពីព្រំដែនទៅភាគីវៀតណាម។
សាលាឧទ្ធរណ៍មិនអាចដំណើរការសវនាការនេះបានទេ ដោយសារតែលោក សម រង្ស៊ី មិនមានមេធាវី ហើយលោក សម រង្ស៊ី មិនបានពឹងពាក់លោក ជូង ជូងី ជាផ្លូវការ ដើម្បីការពារក្ដីនេះ។
ចៅក្រមជម្រះក្ដី លោក ឃុន លាងម៉េង បានប្រកាសថា សាលាឧទ្ធរណ៍ទុកពេលឲ្យលោក សម រង្ស៊ី ចំនួន ៣០ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែឧសភានេះ ដើម្បីឲ្យលោក សម រង្ស៊ី ស្វែងរកមេធាវីការពារក្ដីលើសំណុំរឿងព្រហ្មទណ្ឌនេះ បើសិនណាផុតពេលកំណត់ សាលាឧទ្ធរណ៍នឹងស្នើទៅគណៈមេធាវីកម្ពុជា ដើម្បីចាត់តាំងមេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី។
កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១០ កន្លងទៅ តុលាការសាលាដំបូងក្រុងភ្នំពេញ បានកាត់ទោសលោក សម រង្ស៊ី កំបាំងមុខឲ្យជាប់គុក ១០ឆ្នាំ និងផាកពិន័យចំនួន ៦៥លានរៀល ស្មើនឹង ១៦.២៥០ដុល្លារអាមេរិក ក្រោមបទចោទថា បានក្លែងបន្លំឯកសារផែនទី៕
0 comments:
Post a Comment