ក្រុងប៉េកាំងៈ វិចិត្រករប្រឆាំងចិនលោក អៃ វ៉ៃវ៉ៃ ដែលការឃុំខ្លួនរបស់លោក កាលពីខែមេសា បានបញ្ឆេះកំហឹងអន្តរជាតិ ត្រូវបានដោះលែងដោយបង់ប្រាក់ធានាកាលពីថ្ងៃពុធ ក្រោមលក្ខខណ្ឌជាច្រើនដែលទំនងជាទាមទារឲ្យអ្នករិះគន់ឥតសំចៃលើការគ្រប់គ្រងរបស់បក្សកុម្មុយនិស្តរូបនេះ ស្ងាត់ស្ងៀមនៅពេលនេះ។
បន្ទាប់ពីការដោះលែង លោក អៃ បានប្រាប់ក្រុមអ្នកយកព័ត៌មានដែលបានមកប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់លោកដូចដែលទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីនហ៊ួរបស់ចិនបានស្រងសម្តីថា៖ «ខ្ញុំមិនអាចនិយាយអ្វីលើសពីនេះបានទេ ព្រោះខ្ញុំកំពុងនៅក្រៅឃុំដោយប្រាក់ធានា»។
ការដោះលែងភ្លាមៗរបស់លោក បានធ្វើឡើងប៉ុន្មានថ្ងៃមុនពេលនាយករដ្ឋមន្រ្តីចិន លោក វ៉េន ជាប៉ាវ ធ្វើដំណើរទៅអឺរ៉ុប ជាទីដែលក្រុងប៊ែរឡាំង និងក្រុងផ្សេងៗទៀតធ្លាប់រិះគន់ការឃុំខ្លួនលោក អៃ ជាសម្ងាត់នៅក្រុងប៉េកាំង និងអ្នកតស៊ូមតិសិទ្ធិមនុស្ស មេធាវី និងអ្នកប្រឆាំងរាប់សិបនាក់ផ្សេងទៀត។
ប៉ុន្តែរដ្ឋាភិបាលចិនបានបង្ហាញការបន្ទន់ឥរិយាបថរបស់ខ្លួនជាដំណោះស្រាយនៃរឿងក្តីចម្រូងចម្រាសរបស់ខ្លួន។ ស៊ីនហួ បាននិយាយថា លោក អៃ ត្រូវបានដោះលែង «ដោយសារតែឥរិយាបថល្អរបស់លោកក្នុងការទទួលស្គាល់ឧក្រិដ្ឋកម្មរបស់លោក និងដោយសារតែលោក មានជំងឺរាំរ៉ៃ»។
យោងតាមស៊ីនហួ ប៉ូលិសបាននិយាយថា ក្រុមហ៊ុនមួយដែលប៉ូលិស និយាយថា លោកបានគ្រប់គ្រង «ត្រូវគេរកឃើញថា បានគេចមិនព្រមបង់ពន្ធដែលមានទឹកប្រាក់យ៉ាងច្រើន និងបានបំផ្លាញឯកសារគណនីដោយចេតនា។
របាយការណ៍នោះបានបន្ថែមទៀតថា៖«ការសម្រេចចិត្តនេះ ក៏បានធ្វើឡើងជាការពិចារណាដល់ការពិតថា លោក អៃ សុខចិត្តបង់ពន្ធដែលលោកបានគេចពុំព្រមបង់»។
សមាជិកគ្រួសារនេះ និងក្រុមអ្នកគាំទ្រ ជាច្រើនបាននិយាយថា វិចិត្រករវ័យ៥៤ឆ្នាំដែលនិយាយឥតសំចៃរូបនេះ គឺជាជនរងគ្រោះនៃការបង្ក្រាបមួយលើអ្នកប្រឆាំងខាងនយោបាយដែលកើនឡើង បន្ទាប់ពីគេហទំព័រចិននៅបរទេសជាច្រើនកាលពីខែកុម្ភៈបានអំពាវនាវឲ្យមានការតវ៉ានៅចិនទៅតាមការបះបោរប្រឆាំងនឹងរបបផ្តាច់ការជាច្រើននៅពិភពអារ៉ាប់។
តុលាការនៅចិន និងប៉ូលិស ត្រូវបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចគ្រប់គ្រងយ៉ាងណែន ហើយវាជាមិនធម្មតាទេ ប៉ុន្តែមិនមែនមិនធ្លាប់មានពីមុនមកទេសម្រាប់អាជ្ញាធរដែលបានដកថយពីការកាត់ទោសជាសក្តានុពល នៅក្នុងរឿងក្តីមួយដែលលេចធ្លោដូចជារឿងនេះ។
អ្នកស្រាវជ្រាវម្នាក់ជាមួយនឹងអង្គការឃ្លាំមើលសិទ្ធិមនុស្សដែលជាក្រុមតស៊ូមតិមួយដែលមានមូលដ្ឋាននៅវ៉ាស៊ីនតោន លោកភេលីម ឃីន បាននិយាយថា៖ «បើគ្មានរលកគាំទ្រពីអន្តរជាតិដល់លោកអៃទេ និងការសម្តែងពីការខកចិត្តរបស់ប្រជាពលរដ្ឋនិងការស្អប់ខ្ពើមអំពីកាលៈទេសៈនៃការបាត់ខ្លួនរបស់លោកទេ រដ្ឋាភិបាលចិនទំនងជានឹងមិនដោះលែងលោកនោះឡើយ»។
អាមេរិក អាល្លឺម៉ង់ អង់គ្លេស និងរដ្ឋាភិបាលផ្សេងទៀត បានសម្តែងនូវក្តីបារម្ភពីការឃុំខ្លួនលោក អៃ ជាសម្ងាត់ មិនជូនដំណឹងដល់គ្រួសារ៕ NR
0 comments:
Post a Comment