ភ្នំពេញ ៖ ក្រោយពីវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញនោះ ឥឡូវនេះអាជីពសិល្បៈរបស់តារាចម្រៀង សុគន្ធ នីសា ត្រូវបានគេសម្គាល់ឃើញថាកាន់តែមានភាពលេចធ្លោ។ជាមួយ«កម្ពុជាថ្មី»កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ សុគន្ធ នីសា ប្រាប់ថាក្រោយពេលបានវិលត្រឡប់ពីសហរដ្ឋអាមេរិកកាលពីខែឧសភា កន្លងមកនោះ ឥឡូវនេះអាជីពសិល្បៈរបស់នាងមានការមមាញឹកច្រើនណាស់ទាំងការត្រៀមថតសំឡេងបទថ្មី ទាំងការសម្ដែងថតកាយវិការ ខារ៉ាអូខេ និងការឡើងច្រៀងក្នុងកម្មវិធីតន្ត្រីរបស់បណ្ដាប៉ុស្តិ៍ទូរទស្សន៍នានា។
នាងបាននិយាយទៀតថាបើគិតមកដល់ពេលនេះអាជីពសិល្បៈរបស់នាងមានការរីកចម្រើនច្រើនពិសេសសម្រាប់ការចេញទៅច្រៀងនៅឯសហរដ្ឋអាមេរិកលើកនេះ នាងទទួលបានជោគជ័យយ៉ាងល្អប្រសើរព្រោះមានបងប្អូនទស្សនិកជនទូទៅនៅទីនោះគាំទ្រយ៉ាងពេញទំហឹងជាមួយនឹងបទចម្រៀងថ្មីៗរបស់នាងដែលយកទៅច្រៀងនៅទីនោះ។
ដោយឡែកនៅឯក្នុងស្រុកឯនោះវិញបច្ចុប្បន្ននេះ បទចម្រៀងខ្សែរឿង«ដើម្បីស្នេហ៍» របស់នាងជាមួយតារាងចម្រៀង ឆន សុវណ្ណារាជ និង ណុប ប៉ាយ៉ារិទ្ធ ដែលបានចេញលក់នៅលើទីផ្សារពីពេលកន្លងមកថ្មីៗនេះក៏ត្រូវបានគេសម្គាល់ឃើញថាកំពុងទទួលបានការគាំទ្រពេញនិយមពីសំណាក់មជ្ឈដ្ឋានទស្សនិកជនទូទៅយ៉ាងសម្បើមផងដែរ។
ជាមួយនឹងការទទួលនូវភាពជោគជ័យទាំងនេះ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាស និង រស្មីហង្សមាសមួយដួងនេះបានបង្ហាញពីភាពសប្បាយរីករាយ ហើយនាងក៏បានបង្ហាញពីគម្រោងថ្មីដែលនាងនឹងត្រូវចេញទៅសម្ដែងនៅឯប្រទេសអូស្ត្រាលីអំឡុងខែសីហាឆ្នាំ២០១១ខាងមុខថែមទៀត៕
0 comments:
Post a Comment