
លោក ជា សារិទ្ធ ជាប្រជាពលរដ្ឋនៅភូមិសំរោង។ លោកបានឲ្យដឹងនៅព្រឹកថ្ងៃទី ២៦ កញ្ញាថា ទឹកបានលិចផ្ទះគាត់ផុតរនាបក្ដារជិតកន្លះម៉ែត្រ។ គាត់ថា គាត់បានធ្វើធ្វើខ្ពស់ឡើងប្រមាណ ៧០ សង់ទីម៉ែត្រតែសន្ទុះទឹកនៅតែឡើងឥតឈប់។
គាត់បារម្ភថា បើទឹកនៅតែឡើងបន្តទៀតនោះ មុខជាលិចដល់ធ្នើរ។ គាត់មិនដឹងជាត្រូវធ្វើយ៉ាងម៉េចទៀតនោះទេ៖ «បាទលិចចូលមកដល់ផ្ទះហើយបង! លិចរនាបផ្ទះបាត់ទៅហើយបង»។
លោក សុខ មិត្ត ជាមេភូមិសំរោង។ លោកបានឲ្យដឹងថា គិតមកដល់ល្ងាចថ្ងៃទី២៥ កញ្ញា មានផ្ទះអ្នកភូមិចំនួន ៣២ ខ្នង បានលិចទាំងស្រុង ដែលត្រូវជម្លៀសទៅនៅបណ្ដោះអាសន្ននៅសាលាបុណ្យ ដែលជាទីទួលសុវត្ថិភាព។
ប្រមាណ ៥០ គ្រួសារទៀត បានធ្វើធ្នើរនៅបណ្ដោះអាសន្ននៅតាមផ្ទះរៀងៗ ខ្លួន។ លោកថា លោកបានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់ឃុំ និងស្រុករួចហើយ៖ «ទឹកកំពុងបន្តឡើងថែមទៀត។យប់មិញឡើងថែមប្រហែល ៥ ហ៊ុន ហើយឥឡូវកំពុងបន្តឡើងថែមទៀត។តាមមើលល្បឿនទឹកនេះ គឺអាចលិចផ្ទះបន្ថែមជាបន្តទៀត»។
ដោយឡែកភូមិកំពង់បាចិន ស្ថិតក្នុងឃុំពោធិ៍នេះដែរ ក៏មានផ្ទះចំនួន ១១ ក៏កំពុងរងការលិចធ្ងន់ធ្ងរដែរ។
មេឃុំពោធិ៍ គឺលោក កៅ វ៉ាត់។ លោកបានឲ្យដឹងថា សរុបចំនួនផ្ទះប្រជាពលរដ្ឋ ដែលត្រូវលិចទឹកទាំងស្រុង និងខ្លះលិច ដែលអាចធ្វើធ្នើរនៅបណ្ដោះអាសន្នបាននោះ មានចំនួនជាងមួយរយគ្រួសារ។
លោកបន្តថា ក្រុមប្រឹក្សាឃុំបានបញ្ជូនរបាយការណ៍ពីស្ថានភាពទឹកជំនន់ក្នុងទូទាំងឃុំទៅដល់ថ្នាក់ស្រុករួចហើយ៖ «ទឹក កំពុងឡើង! អ្នកធ្វើធ្នើរនៅបណ្ដោះអាសន្ន ក៏ចេះតែធ្វើទៅតែទឹកចេះតែឡើងថែម។ ខ្លះលិចទាំងធ្នើរហ្នឹងទៀត។ មិនដឹងជាគ្នារកច្រកធ្វើយ៉ាងណាទៀតទេ។អ្នកមានទូកគ្រាន់បន្តិច នៅលើទូកទៅ។ ឯអ្នកអត់ក៏រត់រកគេរកឯងទៅ។ ទ្រាំតែកន្លះខែទៀតលែងអីហើយ។ តែមួយទឹកហក់ចុងក្រោយនេះ គឺធ្ងន់ធ្ងរហើយ»។
ប្រធានក្រុមប្រឹក្សាស្រុកកំពង់លែង គឺលោក ឡោ សាលីម។ លោកបានបញ្ជាក់ថា ទឹកជំនន់បានគំរាមកំហែងបណ្ដាឃុំជើងទឹកទាំងអស់ក្នុងស្រុកកំពង់ លែង ដែលក្នុងនោះមានប្រមាណ ៥ ពាន់គ្រួសារ បានរងការលិចផ្ទះសំបែង។ ទោះជាយ៉ាងនេះក្ដី លោកថា អាជ្ញាធរស្រុក និងខេត្តរួមទាំងសាខាកាកបាទក្រហមខេត្ត បានតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់រាល់ស្ថានការណ៍វិវត្តន៍នៃទឹក ជំនន់នេះ។
លោកថា រហូតមកដល់ថ្ងៃនេះពុំមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់ ជីវិតទេក្នុងរយៈពេលនៃទឹកជំនន់ប៉ុន្មានថ្ងៃកន្លងមកនេះ៕
0 comments:
Post a Comment