Powered by Blogger.
Home » » ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពេល​ភ្ជុំបិណ្ឌ​កើន​ឡើង

ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពេល​ភ្ជុំបិណ្ឌ​កើន​ឡើង

smk2011 | 3:22 AM | 0 comments
ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​អំឡុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំ​ ២០១១​នេះ មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​២០១០ ប៉ុន្តែ​​ចំនួន​​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការ​កើន​ឡើង​ ជាង​ឆ្នាំ​មុនៗ។
១៧-មករា-២០១១៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​មួយ ក្នុង​រាជធានី​ភ្នំពេញ
នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល ៣​ថ្ងៃ នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២៥​នាក់ របួស​ធ្ងន់ ៩៨​នាក់ និង​របួស​ស្រាល ៦៨​នាក់។
មន្ត្រី​ប៉ូលិស​មាន​មោទនភាព​ថា ចំនួន​នេះ​បាន​បញ្ជាក់​ពី​អ្នក​បើកបរ​ចេះ​គោរព​ច្បាប់ និង​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​កាន់​តែ​ច្រើន​ឡើង។
លោក ហ៊ឹម យ៉ាន ប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​ក្រសួង​មហា​ផ្ទៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៩ កញ្ញា ថា គិត​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ កញ្ញា ឆ្នាំ​២០១១ អ្នក​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ៧៥​ករណី ថយ​ចុះ​ចំនួន ២៤​ករណី បើ​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​រដូវ​ភ្ជុំ​ឆ្នាំ​២០១០ ប៉ុន្តែ​អ្នក​ស្លាប់​មាន​ចំនួន​២៥​នាក់។ លោក​បន្ត​ថា ខេត្ត​ដែល​មាន​គ្រោះថ្នាក់​ច្រើន​ជាង​គេ​នោះ គឺ​ខេត្ត​កំពង់ចាម ខេត្ត​បាត់ដំបង និង​ខេត្ត​កណ្ដាល។
លោក​បន្ត​ថា ៖ «កន្លែង​ហ្នឹង​គឺ​មាន​ប្រជាជន​ច្រើន ខេត្ត​ធំៗ​ទាំង​៣​ហ្នឹង។ ប្រជាជន​សុទ្ធតែ ១​លាន​ជាង ហើយ​បាត់ដំបង ក៏​ក្បែរ​លាន​ដែរ កណ្ដាល​អី ទី​១។ ទី​២ មមាញឹក​ក្នុង​ការ​ធ្វើ​ចរាចរណ៍ អ្នក​ទៅ​លេង​ស្រុក​លេង​អី​ច្រើន។ គិត​ថា យើង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន អាស្រ័យ​ដោយ​ចំនួន​គ្រោះថ្នាក់ ក៏​ដូច​ជា​អត្រា​រង​របួស​អី​ហ្នឹង​ថយ»
ចំណែក​នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក លោក ប៊ែន ឃុន បាន​បញ្ជាក់​ប្រាប់​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​ថា គិត​ចាប់​ពី​ថ្ងៃ​បិណ្ឌ​មួយ គឺ​ថ្ងៃ​ទី​១៣ កញ្ញា ដល់​បិណ្ឌ​ទី​១៥ ថ្ងៃ​ទី​២៧ កញ្ញា មាន​គ្រោះថ្នាក់​ចំនួន ១៦​ករណី បង្ក​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ៩​នាក់ របួស​ធ្ងន់ ១៦​នាក់ និង​របួស​ស្រាល ៨​នាក់។ ដោយ​ឡែក​គិត​រយៈពេល ៣​ថ្ងៃ គឺ​ថ្ងៃ​ភ្ជុំ​ធំ​ទី​២៦ ដល់​ទី​២៨ នៅ​រាជធានី​ភ្នំពេញ មាន ៣​ករណី បណ្ដាល​ឲ្យ​ស្លាប់ ២​នាក់ របួស​ធ្ងន់ ២​នាក់ និង​របួស​ស្រាល​ម្នាក់ ប៉ុន្តែ​ឆ្នាំ​២០១០ ពុំ​មាន​អ្នក​ស្លាប់​នោះ​ទេ។
លោក ប៊ែន ឃុន មាន​ប្រសាសន៍​បន្ថែម ៖ «ខ្ញុំ​គិត​ថា វា​ជា​ប្រការ​ល្អ​ដែរ​នៅ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​វា​អត់​មាន​ច្រើន។ បើ​ខុស​ពី​ថ្ងៃ​ភ្ជុំបិណ្ឌ មាន​ឱកាស​នៃ​គ្រោះថ្នាក់​ច្រើន​ជាង។ ឧទាហរណ៍​កាល​ពី​ខែ​មុន​អ៊ីចឹង មាន​គ្រោះថ្នាក់​ស្លាប់​ដល់​ទៅ ៣២​នាក់​ឯ​ណោះ»
លោក សែម បញ្ញាវុឌ្ឍ ជា​អ្នក​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​ជន​រងគ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍​នៃ​អង្គការ​ហិនឌីខែប អ៊ិនធើណាស៊ិនណល (Handicap International)។ លោក​បាន​កត់​សម្គាល់​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ច្រើន​ជាង​ ឆ្នាំ​មុនៗ​នោះ គឺ​មក​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​ការ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់។
លោក​បញ្ជាក់​បន្ថែម ៖ «មួយ​ទៀត​គឺ​ថា រចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់។ យើង​សង្កេត​ឃើញ​ថា មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ច្រើន​នៅ​តាម​ផ្លូវ​ជាតិ​សំខាន់ៗ ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​ផ្លូវ​កាន់​តែ​ល្អ ការ​បើកបរ​របស់​ប្រជាពលរដ្ឋ​យើង​គាត់​មិន​បាន​យក​ចិត្ត​ទុក​ដាក់ គាត់​បើកបរ​ក្នុង​ល្បឿន​លឿន វា​ជា​កត្តា​ចម្បង​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់។ បើ​សិន​ជា​មាន​ការ​ធ្វេសប្រហែស បើ​សិន​ពលរដ្ឋ​អត់​មាន​ការ​គោរព​ច្បាប់​ទេ បញ្ហា​ស្លាប់​នៅ​តែ​មាន​ការ​កើន​ឡើង»
មន្ត្រី​អង្គការ​ ហិនឌីខែប អ៊ិនធើណាស៊ិនណល ដដែល បាន​ផ្ដល់​អនុសាសន៍​ថា ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ គួរ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ពី​កត្តា​ហានិភ័យ​ដែល​បង្ក​ហួស ​ល្បឿន​កំណត់ បើកបរ​ពេល​ស្រវឹង និង​លើក​កម្ពស់​ការ​ពាក់​មួក​សុវត្ថិភាព ដោយសារ​អ្នក​ស្លាប់​បាន​ប៉ះ​ទង្គិច​ក្បាល​មាន​រហូត​ដល់ ៧៣% នៅ​ពេល​មាន​គ្រោះថ្នាក់ និង​រឹត​បន្តឹង​ចំពោះ​ការ​អនុវត្ត​ច្បាប់៕
Share this article :

0 comments:

Post a Comment

Table Cell Table Cell
Table Cell Table Cell

សៀវភៅព្រះធម៌ជា PDFសម្រប់Dowload

Recent Postkkk

វិទ្យុខ្មែរនិងព័ត៌មានទូទាំងពិភពលោក

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. veasanakhmer - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger