ស្ថានការណ៍ទឹកជំនន់នៅខេត្តមួយចំនួន ដែលស្ថិតនៅផ្នែកខាងលើទន្លេមេគង្គ បានស្រកខ្លះហើយ គិតមកដល់ថ្ងៃទី ២៨ ខែកញ្ញា។ ប៉ុន្តែ ទឹកជំនន់បានឡើងលិចនៅខេត្តមួយចំនួន នៅតាមដងទន្លេមេគង្គក្រោម រួមមានខេត្តតាកែវ ព្រៃវែង និងខេត្តកណ្ដាលជាដើម។
មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប៉ាន់ស្មានថា មានប្រជាពលរដ្ឋចំនួនប្រមាណជាង ៩០ នាក់ បានស្លាប់ដោយសារតែទឹកជំនន់ គិតក្នុងដំណាក់កាលចុងក្រោយត្រឹមថ្ងៃទី ២៨ ខែកញ្ញា និងមានដីស្រែជាង ២ សែនហិកតារ កំពុងតែលិចទឹកជំនន់។
អាជ្ញាធរមូលដ្ឋាននៅខេត្តនានា រាប់ទាំងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកាកបាទក្រហមកម្ពុជា កំពុងតែដោះស្រាយបញ្ហាប្រជាពលរដ្ឋបាត់បង់ទីជម្រក និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលលិចទឹកជំនន់ខ្លាំង នៅខេត្តកំពង់ធំ និងខេត្តមួយចំនួនទៀត។
អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា មានប្រសាសន៍នៅថ្ងៃទី ២៨ ខែកញ្ញាថា ទឹកជំនន់កំពង់តែរីករាលដាលមកដល់ខេត្តព្រៃវែង និង
ខេត្តកណ្ដាលទៀតនៅពេលនេះ។
ខេត្តកណ្ដាលទៀតនៅពេលនេះ។
លោក ញឹម វណ្ណដា៖ «អាហ្នឹងខ្លាំងជាងគេ ហើយជាខេត្តចុងក្រោយ ធ្វើឲ្យទីក្រុងភ្នំពេញអីនេះផិតផើយៗ។ តែពីព្រឹកមិញនេះ យើងគិតថា យើងពិបាករកអីវាស់។ យើងដាក់កំប្លោក។ ដាក់កំប្លោកមួយដុំទៅនៅលើស្ពាន។ វាលែងងាកទៅជើង ហើយវាងាកទៅត្បូងវិញ»។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយ ដើម្បីចាត់វិធានការបន្ទាន់ដោះស្រាយគ្រោះទឹកជំនន់នេះ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ មានប្រសាសន៍អំពីលទ្ធផលនៃកិច្ចប្រជុំនោះថា វិធានការ គឺដោះស្រាយចំពោះមុខ និងបញ្ហា ដែលកើតមានក្រោយពេលគ្រោះទឹកជំនន់។
លោក ខៀវ កាញារីទ្ធ៖ «គឺការដោះស្រាយយ៉ាងណា ធានាថា មិនមានអ្នកស្លាប់ដោយសារអត់បាយ។ ទី២ គឺអភិបាលខេត្តទាំងអស់ គឺនៅកន្លែង មិនឲ្យចេញទៅក្រៅប្រទេស ឬប្រជុំនៅភ្នំពេញទេ។ ទី៣ គឺអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន សហការជាមួយកាកបាទក្រហម ដើម្បីបន្តផ្ដល់ជំនួយដល់ប្រជាជននៅខេត្តទាំង ១០ ដែលរងគ្រោះហ្នឹង។ គឺយើងបានជូនលុយ ២០០ លានរៀល ដើម្បីចុះទៅត្រៀម។ ទន្ទឹមហ្នឹងដែរ ក៏បានបញ្ជូនអង្ករមួយចំនួនទៅតាមខេត្ត។ ក្រោយពេលទឹកស្រកសំខាន់ គឺស្ដារដំណាំស្រូវឡើងវិញ ឬកន្លែងណាដាំស្រូវមិនបាន គឺយើងធ្វើដំណាំផ្សេង។ ទី២ គឺថែរក្សាសុខភាពប្រជាជន ក្រោយពេលទឹកស្រក។ ទន្ទឹមហ្នឹងដែរ គឺត្រៀមទុន ដើម្បីស្ដារផ្លូវដែលមានខ្លឹមសារខូចខាតទាំងប៉ុន្មាន»។
លោក ញឹម វណ្ណដា មានប្រសាសន៍ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងតែតាមដានស្ថានការណ៍ទឹកជំនន់ដោយយកចិត្តទុកដាក់។ លោករំពឹងថា ចំនួនមនុស្សស្លាប់ និងកើនច្រើនជាង ៩០ នាក់៕
0 comments:
Post a Comment