Powered by Blogger.
Home » » សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អ.ស.ប.ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កុំ​ឲ្យ​ជ្រៀតជ្រែក​សាលាក្ដី

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អ.ស.ប.ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កុំ​ឲ្យ​ជ្រៀតជ្រែក​សាលាក្ដី

smk2011 | 6:59 AM | 0 comments
ក្រុម​អ្នក​ឃ្លាំមើល​សាលាក្ដី​ខ្មែរ​ក្រហម​បាន​លើក​ឡើង​ថា ទោះ​បី​ជា​អង្គការ​សហ​ប្រជាជាតិ​នឹង​តែងតាំង​សហ​ចៅក្រម​ស៊ើប​អង្កេត​ថ្មី មក​ជំនួស​អតីត​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ដែល​ទើប​តែ​លាលែង​ពី​តួនាទី ​របស់​ខ្លួន លោក ស៊ីកហ្រ្វីដ ប្លាំង (Siegfried blunk) ក្ដី ក៏​វា​នៅ​តែ​មិន​ធ្វើ​ឲ្យ​តុលាការ​នេះ​ឯករាជ្យ​នោះ​ដែរ។
Photo courtesy of ECCC
អតីត​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​ សាលាក្ដី​ខ្មែរ​ក្រហម លោក ស៊ីកហ្វ្រីដ ប្លាំង (Siegfried blunk) [ជួរ​មុខ ឆ្វេង] នៅ​ថ្ងៃ​ចាប់​ផ្ដើម​បំពេញ​ការងារ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១០។

ក្រុម​អ្នក​ឃ្លាំមើល​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ជំរុញ​ឲ្យ​អង្គការ​ សហប្រជាជាតិ បើក​កិច្ច​ពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បាន​ច្បាស់លាស់ កុំ​ឲ្យ​រដ្ឋាភិបាល​លូកដៃ​ទៅ​ក្នុង​ដំណើរ​ការ​របស់​សាលាក្ដី​ខ្មែរ​ក្រហម ដើម្បី​ឲ្យ​តុលាការ​នេះ​មាន​ភាព​ឯករាជ និង​ជា​ក្ដី​សង្ឃឹម​របស់​ជន​រង​គ្រោះ​ទាំង​ឡាយ។
ការ​លើក​ឡើង​នេះ នៅ​បន្ទាប់​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ លោក ស៊ីកហ្រ្វីដ ប្លាំង បាន​លាលែង​ពី​តួនាទី​របស់​លោក កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ដោយសារ​តែ​ហេតុផល​មាន​សម្ពាធ​នយោបាយ​ពី​រដ្ឋាភិបាល​លើ​សំណុំ​រឿង​លេខ ០០៣ និង ០០៤។
លោក អ៊ូ វីរៈ ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ តុលា ថា ការ​លាលែង​ពី​មុខងារ​របស់​សហ​ចៅក្រម​អន្តរជាតិ​រូប​នេះ វា​កាន់​តែ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា តុលាការ​នេះ​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ដោយសារ​តែ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​សំណុំ​រឿង ០០៣ និង ០០៤ ដែល​ជា​ជំហាន​មួយ និង​មិន​ចង់​មាន​ករណី ០០៥ បន្ត​ទៀត ពីព្រោះ​ខ្លាច​វា​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល​បច្ចុប្បន្ន ជាមួយ​តួនាទី​អតីតកាល​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​លោក ស៊ីកហ្រ្វីដ ប្លាំង កាល​ពី​ថ្ងៃ​ទី​១០ តុលា បាន​ចោទ​ប្រកាន់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​លោក​នាយករដ្ឋមន្ត្រី​ថា បាន​លូកដៃ​ក្នុង​កិច្ចការ​របស់​តុលាការ ដោយសារ​លោក ហ៊ុន សែន បាន​ជម្រាប​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន (Ban Ki-moon) ថា មិន​អនុញ្ញាត​ឲ្យ​មាន​សំណុំ​រឿង ០០៣ និង ០០៤ ខណៈ​លោក បាន គីមូន មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០១០។
លោក ប្លាំង បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា បើ​ទោះ​បី​ជា​គាត់​មិន​ដាក់​ខ្លួន​គាត់​ឲ្យ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ការ​ លើក​ឡើង​របស់​រដ្ឋាភិបាល​បែប​នេះ​ក៏ដោយ ក៏​នៅ​តែ​មាន​ភាព​មន្ទិល​សង្ស័យ​ទៅ​លើ​លទ្ធភាព​របស់​លោក ក្នុង​ការ​ទ្រាំទ្រ​នឹង​សម្ពាធ​ពី​រដ្ឋាភិបាល និង​លទ្ធភាព​ក្នុង​ការ​បំពេញ​ការងារ​របស់​លោក​ដោយ​ឯករាជ្យ ហើយ​ក៏​បង្ក​ឲ្យ​មាន​មន្ទិល​សង្ស័យ​ចំពោះ​សុចរិត​ភាព​នៃ​ដំណើរការ​របស់​ តុលាការ​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​លាលែង​របស់​លោក ប្លាំង ពី​តួនាទី​នេះ ក្រោយ​ពី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​ស្នើ​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ លោក យូ ប៊ុនឡេង និង​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ជនជាតិ​អាល្លឺម៉ង់ លោក ស៊ីកហ្រ្វីដ ប្លាំង លាលែង​ចេញ​ពី​តំណែង។
កញ្ញា សេង ធារី ជា​ប្រធាន​សមាគម​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​កម្ពុជា។ កញ្ញា​បាន​លើក​ហេតុផល​ថា សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ លោក យូ ប៊ុនឡេង គួរ​លា​ឈប់​ពី​ការងារ​ដែរ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​លោក​ដល់​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ ក្រហម ដោយ​ហេតុ​ថា បើ​លោក​នៅ​តែ​បន្ត​ការងារ​ស្ថិត​នៅ​ក្រោម​សម្ពាធ​របស់​រដ្ឋាភិបាល​បែប​នេះ លោក​នឹង​ទទួល​ខុស​ត្រូវ​នូវ​ទង្វើ​របស់​លោក​នៅ​ពេល​អនាគត។
មន្ត្រី​នាំ​ពាក្យ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា បាន​អះអាង​ថា ការ​អំពាវនាវ​ឲ្យ​មន្ត្រី​តុលាការ​លាលែង​ពី​តំណែង​នេះ មិន​មែន​ជា​លើក​ទី​១​ទេ។ ប៉ុន្តែ​លោក​បាន​បំភ្លឺ​ថា ការ​អនុវត្ត​ការងារ​របស់​តុលាការ គឺ​ឯករាជ្យ មិន​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ​អ្វី​ទេ។
លោក ប៊្រែត អាដាម (Brad Adams) ជា​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch។ លោក​បាន​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​ការ​លាលែង​ពី​តួនាទី​របស់​លោក ប្លាំង ពីព្រោះ​ថា លោក ប្លាំង មិន​បាន​បំពេញ​ការងារ​របស់​ខ្លួន​ប្រកប​ដោយ​វិជ្ជាជីវៈ​នោះ​ទេ ៖ "មាន​ មនុស្ស​ច្រើន​ណាស់​ដែល​ធ្វើ​ការ​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ប្រាប់​ យើង ដោយ​សុំ​ឲ្យ​លាក់​អត្តសញ្ញាណ។ ពួក​គេ​បាន​ប្រាប់​យើង​ថា រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​ណែនាំ​មក​លើ​ពួកគេ។ បុគ្គលិក​ខ្មែរ​ទាំង​នោះ​បាន​ប្រាប់​រឿង​នេះ​ទៅ​បុគ្គលិក​បរទេស"
ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​កម្ពុជា មាន​សម្ពាធ​លើ​កិច្ចការ​របស់​តុលាការ​នេះ លោក ហោ ណាំហុង ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១១ តុលា ដោយ​បន្ទោស​សាលាក្ដី​ខ្មែរ​ក្រហម​ថា បាន​ដំណើរ​ការងារ​របស់​ខ្លួន​យឺត ចំណាយ​ថវិកា​អស់​ជា​ច្រើន​រយ​លាន​ដុល្លារ​ហើយ​ទើប​កាត់​ទោស​បាន​តែ ឌុច ម្នាក់។
លោក ហោ ណាំហុង បាន​បញ្ជាក់​ថា ការ​ស៊ើប​លើ​សំណុំ​រឿង ០០៣ និង ០០៤ នោះ ជា​សិទ្ធិ​របស់​តុលាការ រដ្ឋាភិបាល​មិន​លូកដៃ​ក្នុង​រឿង​នោះ​ទេ។
មន្ត្រី​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ លោក អេឌូអាដូ ដែលបឺយ (Eduardo del Buey) ថ្លែង​ថា លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ថ្លែង​អំណរគុណ​ដល់​ចៅក្រម ប្លាំង ចំពោះ​ការ​បំពេញ​ការងារ និង​ហេតុផល​បញ្ជាក់​ពី​ការ​លាលែង​របស់​លោក។ លោក ដែលបឺយ ប្រាប់​អ្នក​សារព័ត៌មាន​ថា "អង្គការ​សហប្រជាជាតិ​តែង​បញ្ជាក់​ជានិច្ច​ថា អ.វ.ត.ក ត្រូវ​តែ​អនុញ្ញាត​ឱ្យ​ដំណើរការ​ទៅ​ដោយ​គ្មាន​ជ្រៀតជ្រែក​ពី​ខាង​ក្រៅ​ណា​ មួយ​ឡើយ រាប់​ទាំង​ពី​រដ្ឋាភិបាល​កម្ពុជា ម្ចាស់​ជំនួយ ឬ​សង្គម​ស៊ីវិល​នោះ​ឡើយ"
លោក​បន្ថែម​ថា "អង្គការ​សហប្រជាជាតិ​កំពុង​ធ្វើការ​ជា​បន្ទាន់ ដើម្បី​ធានា​ថា សហ​ចៅក្រម​ស៊ើប​អង្កេត​បម្រុង គឺ​លោក ឡូរ៉ង់ កាស៉្បៀ អានសេម៉េ (Laurant Kasper Ansermet) នឹង​ត្រូវ​ដាក់​ជំនួស​ចៅក្រម ប្លាំង ឱ្យ​បាន​ឆាប់​បំផុត ដើម្បី​កុំ​ឱ្យ​ការងារ អ.វ.ត.ក ត្រូវ​រាំង​ស្ទះ"
លោក ឆាំង យុ ជា​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ លោក​បាន​ពន្យល់​ថា ការ​លា​ឈប់​ពី​តួនាទី​របស់​លោក ប្លាំង នេះ មិន​ទាន់​គ្រប់គ្រាន់​ទេ។ អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​ធ្វើការ​ស៊ើប​អង្កេត​ការិយាល័យ​ស៊ើប​អង្កេត​ សហ​ចៅក្រម​នេះ​ឲ្យ​បាន​ច្បាស់លាស់ អំពី​មូលហេតុ​ដែល​លោក ប្លាំង បាន​លាង​ពី​តួនាទី​នោះ។
មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ហៅ​ការ​លាលែង​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ លោក ស៊ីកហ្រ្វីដ ប្លាំង នោះ គឺ​ជា​ការ​បរាជ័យ​របស់​លោក​នៅ​ក្នុង​ការ​បំពេញ​ការងារ​របស់​លោក​ទៅ​វិញ​ទេ។
ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​ឃ្លាំមើល​ដំណើរការ​តុលាការ​ខ្មែរ​ក្រហម បាន​អះអាង​ថា តុលាការ​នេះ​ស្ថិត​នៅ​ក្រោម​សម្ពាធ​អំណាច​របស់​រដ្ឋាភិបាល ពីព្រោះ​ថា តុលាការ​នេះ​មិន​អាច​កោះ​ហៅ​សាក្សី​ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ មក​សាកសួរ​បាន​នោះ​ឡើយ​នា​ពេល​កន្លង​មក។
នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​អគ្គលេខាធិការ​ អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​ជា​ថ្មី​ថា នៅ​ក្រោម​កិច្ច​ព្រមព្រៀង​រវាង​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) ត្រូវ​បាន​បង្កើត​ឡើង​ជា​តុលាការ​ឯករាជ្យ ដោយ​ប្រើប្រាស់​បុគ្គលិក និង​ចៅក្រម​ចម្រុះ​កម្ពុជា និង​អន្តរ​ជាតិ។ តុលាការ​នេះ​កំណត់​កាត់​ក្ដី​ជន​ទាំង​ឡាយ​ណា ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ការ​សម្លាប់​រង្គាល និង​ឧក្រិដ្ឋកម្ម​ដទៃ​ទៀត ដែល​ប្រព្រឹត្ត​ឡើង​ខ្មែរ​ក្រហម​កាល​ពី ៣​ទសវត្ស​កន្លង​ទៅ។
បន្ថែម​ពី​លើ​នេះ ក្រុម​អ្នក​ឃ្លាំមើល​ដំណើរ​ការ​របស់​សាលាក្ដី បាន​ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ​ធ្វើការ​ស៊ើប​អង្កេត​លើ​ករណី ០០៣ និង ០០៤ ជា​ដាច់ខាត ដើម្បី​ឲ្យ​តុលាការ​នេះ​មាន​តម្លាភាព និង​ឯករាជ្យ។
អង្គការ​សហប្រជាជាតិ​ត្រូវ​ឆ្លើយ​តប​ជា​ចំហ​ទៅ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ​ថា បើ​សិន​ជា​រដ្ឋាភិបាល​នៅ​តែ​បន្ត​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ តុលាការ​ទៀត អង្គការ​សហប្រជាជាតិ​នឹង​ត្រូវ​ដក​ខ្លួន​ចេញ​ពី​តុលាការ​កូន​កាត់​មួយ​នេះ៕
Share this article :

0 comments:

Post a Comment

Table Cell Table Cell
Table Cell Table Cell

សៀវភៅព្រះធម៌ជា PDFសម្រប់Dowload

Recent Postkkk

វិទ្យុខ្មែរនិងព័ត៌មានទូទាំងពិភពលោក

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. veasanakhmer - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger