សហគមន៍ខ្មែរកម្ពុជាក្រោមនៅស្រុកបាកាន ខែត្រពោធិ៍សាត់ គ្រោងរៀបចំកសាងសារមន្ទីរមួយ ដើម្បីចងចាំ និងស្គាល់ទីតាំងដែលខ្មែរក្រហមបានសម្លាប់ខ្មែរកម្ពុជាក្រោមនៅ ទីនោះ ។
ដើមបណ្ដឹងរដ្ឋប្បវេណី ដែលជាប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅស្រុកបាកាន ខែត្រពោធិ៍សាត់ កំពុងស្វះស្វែងរកជំនួយដើម្បីកសាងសារមន្ទីរ និងស្តូប ដើម្បីតម្កល់ទុកអដ្ឋិធាតុប្រជាពលរដ្ឋដែលស្លាប់នៅក្នុងរបប កម្ពុជាប្រជាធិបតេយ្យ និងឯកសារផ្សេងៗទៀត។
ព្រះសង្ឃខ្មែរក្រោមត្រូវអាជ្ញាធរខ្មែរវាយប្រហារក្នុងការធ្វើបាតុកម្មមួយ
ទាមទារឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមនៅស្រុកបាកាន លោក មាស ចាន់ថន មានប្រសាសន៍ថា លោកគ្រោងនឹងដាក់សំណើទៅស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតបារាំង និងស្ថានទូតនូវែលហ្សេឡង់ ប្រចាំនៅកម្ពុជា ដើម្បីសុំថវិកាយកមកសង់សារមន្ទីរ។ ការសង់សារមន្ទីរ និងស្តូបនេះ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយ និងប្រជាពលរដ្ឋទូទៅ ដឹងអំពីចេតនារបស់ខ្មែរក្រហម ក្នុងការសម្លាប់ខ្មែរកម្ពុជាក្រោម។
ឯកសារស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងថា ខ្មែរកម្ពុជាក្រោមមានលក្ខណៈខុសពីខ្មែរទូទៅ ដូចជាភាសានិយាយ ការរស់នៅ ការមកតាំងទីលំនៅថ្មីក្នុងប្រទេសកម្ពុជាហើយមានបងប្អូនរស់នៅលើ ទឹកដីកំណើតនៅវៀតណាម ភូមិភាគខាងត្បូងជាដើម ដូច្នេះខ្មែរក្រហមបានដៅ និងសម្លាប់ខ្មែរកម្ពុជាក្រោមដោយចេតនា ពីព្រោះថា ខ្មែរក្រហមបានចោទប្រកាន់ខ្មែរកម្ពុជាក្រោមថា ក្បាលយួនខ្លួនខ្មែរ។
ឯកសារដដែលបានបង្ហាញថា ក្នុងចំណោមគុកចំនួន ១៩៦របស់ខ្មែរក្រហម មជ្ឈមណ្ឌលឯកសារកម្ពុជាបានរកឃើញឯកសារខ្មែរក្រហមបានសម្លាប់ខ្មែរ កម្ពុជាក្រោមនៅគុកឃ្លាំងព្រះច័ន្ទ ស្ថិតនៅក្នុងស្រុកត្រាំកក់ ខែត្រតាកែវ ដែលមានប្រជាពលរដ្ឋខ្មែរទូទៅស្លាប់ក្នុងគុកនេះចន្លោះពី ១ម៉ឺនទៅ ២ម៉ឺននាក់ ក្នុងនោះក៏មានខ្មែរកម្ពុជាក្រោមដែរ។
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលរួចផុតពីសេចក្ដីស្លាប់នៅក្នុងរបបខ្មែរក្រហម នៅស្រុកបាកាន អ្នកស្រី ឃុន សាវិន បានលើកឡើងថា នៅជំនាន់នោះ ឲ្យតែកម្មាភិបាលខ្មែរស៊ើបដឹងថាជាខ្មែរកម្ពុជាក្រោមគេសម្លាប់ ទាំងអស់។
លោក អាង ចាន់រិទ្ធិ ជាអ្នកសម្របសម្រួលដើម្បីយុត្តិធម៌ជនជាតិភាគតិចរងគ្រោះនៃ សាលាក្ដីខ្មែរក្រហម។ លោកមានប្រសាសន៍ថា ដើមបណ្ដឹងរដ្ឋប្បវេណីបានដាក់លិខិតស្នើសុំថវិកាទៅខាងសាលាក្ដី ខ្មែរក្រហម តាំងពីខែមិថុនា ឆ្នាំ២០១១ មក តាមរយៈមេធាវីរបស់ពួកគេ ដើម្បីកសាងស្តូបនៅក្នុងឃុំរំលេចនោះ ប៉ុន្តែមកទល់ពេលនេះ មិនទាន់ដឹងអំពីលទ្ធផលនៅឡើយ។
ខ្មែរកម្ពុជាក្រោមបានតំាងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុង សំណុំរឿងលេខ០០២ មានចំនួន១៣៤នាក់។ ហើយនៅក្នុងសំណុំរឿងលេខ០០៤ មានចំនួន១៣២នាក់ ដើម្បីឲ្យតុលាការខ្មែរក្រហមទទួលស្គាល់ពួកគាត់ ជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងគោលបំណងឲ្យតុលាការរកយុត្តិធម៌ជូន ពួកគាត់។
លោក នេត្រ ភត្រា ជាអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម។ លោកបានពន្យល់ថា ការស្នើសុំសង់ស្តូបរំលឹកដល់អ្នករងគ្រោះនេះ វាទាក់ទងទៅសំណងដែលមានពីរ គឺសំណងសមូហភាព និងសំណងផ្លូវចិត្ត រហូតមកទល់ពេលនេះ គេមិនទាន់ដឹងការសម្រេចរបស់អង្គជំនុំជម្រះយ៉ាងណានៅឡើយទេ។
លោក មាស ចាន់ថន បានអះអាងថា កន្លងមកពួកគាត់ក៏ធ្លាប់ស្នើសុំទៅខាងមជ្ឈមណ្ឌលឯកសារកម្ពុជាដែរ ដើម្បីឲ្យជួយធ្វើសារមន្ទីរនេះ។ លោកបន្តថា ក្រោយពេលរបបខ្មែរក្រហមដួលរំលំនៅឆ្នាំ១៩៧៩ លោកបានប្រមូលអដ្ឋិធាតុរាប់ពាន់នាក់យកចេញពីក្នុងរណ្ដៅដែលខ្មែរ ក្រហមបានសម្លាប់ ក្នុងនោះមានជនជាតិចាមដែរ ប៉ុន្តែក្រោយមកមានការបាត់បង់ខ្លះនៅសល់អដ្ឋិធាតុប្រមាណ ១០០នាក់ទេ។
លោក ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។ លោកបានអំពាវនាវដល់អង្គទូតនានាឲ្យដល់សហគមន៍ខ្មែរកម្ពុជាក្រោម ក្នុងការសាងសង់សារមន្ទីរ ឬកន្លែងចងចាំនេះ ហើយមជ្ឈមណ្ឌលឯកសារជួយផ្នែកបច្ចេកទេស និងផ្ដល់ជួននូវឯកសារនានាទាក់ទងនិងខ្មែរក្រោម។ លោក ឆាំង យុ បញ្ជាក់ថា កន្លងមកមជ្ឈមណ្ឌលឯកសារបានជួយគូរប្លង់រួចរាល់ហើយ។
តំណាងពលរដ្ឋខ្មែរកម្ពុជាក្រោមមកពីខែត្រផ្សេងៗជិត ៣០០នាក់ បានជួបជុំគ្នានៅវត្តរំលេច ខែត្រពោធិ៍សាត់ ដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌតាមប្រពៃណី និងធ្វើពិធីចងចាំដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១១។ ការជួបជុំគ្នាធ្វើពិធីរំលឹកចងចាំជនរងគ្រោះនេះ ក្នុងមួយឆ្នាំគេធ្វើពីរដង គឺនៅពេលបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ។
លោក អាង ចាន់រិទ្ធិ បានបង្ហាញរបាយការណ៍ស្រាវជ្រាវរបស់លោកអំពីខ្មែរកម្ពុជាក្រោមរស់នៅ ប្រទេសកម្ពុជាមុនរបបខ្មែរក្រហម នៅខែត្រពោធិ៍សាត់ និងខែត្រតាកែវ មានប្រមាណជាង ៧សែននាក់ ប៉ុន្តែក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ នៅសល់ប្រមាណជាង ១ម៉ឺននាក់។
មជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងថា មានកន្លែងតម្កល់អដ្ឋិធាតុ និងការចងចាំនៅទូទាំងប្រទេសកម្ពុជាមានចំនួន ៨៨កន្លែង ក្នុងនោះមានកន្លែងខ្លះបានខួចខាតបាត់បង់។ ហើយកាលពីឆ្នាំ២០០០ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋកសាង ឬជួសជុលឡើងវិញ។ ដែលគេបានកសាងតាំងពីឆ្នាំ១៩៨៣ មក។ ហើយក្រោយពីឆ្នាំ២០០០ គេបានកសាងស្តូបតម្កល់អដ្ឋិធាតុជាលក្ខណៈបុគ្គលចំនួន ៩កន្លែងទៀត៕ពី Pray NoKor News
0 comments:
Post a Comment