ដោយ តាំង សារ៉ាដា
2011-05-08
ពលរដ្ឋខ្មែរអាមេរិកាំងដែលតាមដានស្ថានការណ៍ជម្លោះព្រំដែនរវាងខ្មែរ-ថៃ បានរិះគន់ដល់វិស័យការទូតរបស់ខ្មែរថា នៅមានកម្រិតខ្សោយ។
ក្រុមអ្នកឃ្លាំមើលអំពីវិស័យការទូតរបស់ខ្មែរ ក្នុងបរិបទជម្លោះព្រំដែនជាមួយប្រទេសថៃ បានឲ្យដឹងថា នយោបាយការទូតរបស់កម្ពុជានៅក្រៅប្រទេសគួរធ្វើឲ្យបានខ្លាំងជាងនេះថែមទៀត ដើម្បីរកការគាំទ្រនានា ពីសហគមន៍អន្តរជាតិ សម្រាប់ប្រយោជន៍របស់ប្រជាជាតិខ្មែរ។
ពីទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក លោក ល័ក្ខ និស្ស័យ មានប្រសាសន៍ថា រដ្ឋាភិបាលខ្មែរមិនគួរធ្វើប្រតិកម្មជាមួយរដ្ឋាភិបាលថៃតាមតែរយៈកាសែតក្នុងស្រុក Bangkok Post ឬកាសែត The Nation របស់ថៃនោះឡើយ។ លោកថ្លែងថា រដ្ឋាភិបាលទីក្រុងភ្នំពេញគួរធ្វើសង្គ្រាមនយោបាយការទូតរបស់ខ្លួនឲ្យមានលក្ខណៈវិជ្ជាជីវៈជាងនេះ ៖ «ដូចសម្ដេចនាយករដ្ឋមន្ត្រីអ៊ីចឹង គាត់មិនត្រូវយកភាសាពួកកាសែតទៅតវ៉ាជាមួយនឹងថៃ ជាមួយនឹងអីទេ។ ជួនកាលចំណុចខ្លះយើងត្រូវអត់ខ្លះទៅ កុំទៅតទល់ជាមួយអ្នកកាសែត អ្នកកាសែតអ្នកអីហ្នឹង។ ពីព្រោះអាកាសែតហ្នឹង វាចេះតែចាក់ឲ្យយើងលោត មិនដឹងជាទៅណាម៉ោណា។ អាហ្នឹងពេលខ្លះយើងមិនត្រូវតទេ ព្រោះឋានៈគាត់ជានាយករដ្ឋមន្ត្រី ឲ្យតែឮកាសែតថាអី ក៏គាត់ញាក់គាត់លោត។»
លោក ល័ក្ខ និស្ស័យ បន្តថា មន្ត្រីការទូតខ្មែរគួរជ្រើសរើសមនុស្សដែលមានជំនាញពិតប្រាកដ ទាំងភាសា បច្ចេកទេសការងារ ពាក្យសំដី និងរូបសម្បត្តិប្រកបដោយអំណាច។ លោកថ្លែងថា ការចរចារបស់ភាគីកម្ពុជាកន្លងមក ហាក់បង្ហាញអំពីភាពទន់ខ្សោយរបស់ខ្លួនចំពោះសត្រូវ ៖ «កិច្ចការបរទេសដើម្បីយើងឈរជាមួយបរទេសដូចជាពួកថៃ ពួកស្អីៗ អ៊ីចឹងត្រូវមានភាពក្លាហាន និយាយឲ្យមានទឹកដម ឲ្យមានអំណាចនៅក្នុងការប្រឈម នៅក្នុងការចរចាជាមួយគេ។ ខ្ញុំឃើញកិច្ចការបរទេសយើងនៅទន់ខ្សោយណាស់ ហើយអត់ទាន់មានភាពអង់អាចក្លាហានទៅប្រឆាំងជាមួយគេនៅផ្លូវទូតទេ។»
ទាក់ទងនឹងការជ្រើសរើសវាក្យសព្ទមកប្រើប្រាស់ក្នុងការនិយាយទៅកាន់អ្នកសារព័ត៌មាន លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងទៅបានថ្លែងជាសាធារណៈថា “ខ្ញុំគិតថា វត្តកែវសិក្ខាគិរីស្វារៈជារបស់កម្ពុជា”។
អ្នកវិភាគបានចាត់ទុកថា ការណ៍ដែលលោក ហោ ណាំហុង ប្រើពាក្យ «ខ្ញុំគិតថា» ដូច្នេះ វាជាការឆ្លុះបញ្ចាំងថា លោករដ្ឋមន្ត្រីការបរទេសរូបនេះមិនច្បាស់ខ្លួនឯង អំពីវត្តកែវសិក្ខាគិរីស្វារៈជារបស់កម្ពុជា។ ហើយប្រការនេះវាឆ្លុះបង្ហាញអំពីចំណុចខ្សោយរបស់អ្នកការទូតខ្មែរលើឆាកអន្តរជាតិ។
ក្រុមអ្នកវិភាគបានបន្តទៀតថា នៅពេលកងទ័ពខ្មែរបាញ់ផ្លោងតបតចូលក្នុងទឹកដីថៃ ហើយធ្វើឲ្យខូចខាតសំណង់អគារ និងទ្រព្យសម្បត្តិរបស់ថៃនោះ គេសង្កេតឃើញថៃតែងបើក ឬជំរុញលើកទឹកចិត្តឲ្យក្រុមអ្នកកាសែតអន្តរជាតិ និងអ្នកកាសែតជាតិធ្វើការចុះផ្សាយយ៉ាងច្រើនសន្ធឹកសន្ធាប់ អំពីការខូចខាតទាំងឡាយ ដូចជាផ្ទះសំបែង អាគារសាលា វត្តអារាម ឬផ្សារលក់ទំនិញជាដើម ដែលបង្កឡើងដោយភាគីកម្ពុជា។ ចំណែកកម្ពុជាវិញ បើទោះបីថៃបានបាញ់ផ្លោងរាប់ម៉ឺនគ្រាប់ចូលក្នុងទឹកដីរបស់ខ្លួន ហើយធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែង ទីវត្តអារាម ប្រាសាទបូរាណ ឬបានសម្លាប់ជីវិតជនស្លូតត្រង់ជាច្រើនក៏ដោយ ក៏គេមិនសូវឃើញរដ្ឋាភិបាលកម្ពុជាស្វះស្វែងជំរុញឲ្យអ្នកសារព័ត៌មានបរទេស ឬអ្នកកាសែតក្នុងស្រុកចុះថត ឬរាយការណ៍ឲ្យបានច្រើនផុលផុសនោះឡើយ។ ហើយម្យ៉ាងវិញទៀត គេសង្កេតឃើញការបញ្ចេញរូបភាពនៃវិនាសកម្មដែល និងរូបភាពអំពីផលលំបាកនៃជនភៀសសឹកខ្មែរ ដែលបង្កឡើងដោយភាគីថៃ ក៏នៅមានកម្រិតតិចតួចនៅឡើយ។
ពលរដ្ឋខ្មែរមួយរូបទៀតពីរដ្ឋ Alabama លោក អ៊ឹម សុនិត បានសង្កេតឃើញថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលខ្មែរក្នុងបរិបទសង្គ្រាមព្រំដែនខ្មែរ-ថៃ នេះ ហាក់មានចំណុចល្អច្រើន ប៉ុន្តែទំនាក់ទំនងការទូតរវាងបណ្ដាប្រទេសមហាអំណាចក្នុងអង្គការសហប្រជាជាតិនៅមានកម្រិត ៖ «ខ្ញុំមើលឃើញវិស័យការទូតរបស់ខ្មែរយើងវាពាក់ព័ន្ធជាមួយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលខ្ញុំមើលឃើញថាវាល្អ តាំងពីចាប់ផ្ដើមជម្លោះរហូតមកទល់ពេលនេះ យើងឃើញយុទ្ធសាស្ត្រល្អ។ ប៉ុន្តែវិស័យការទូតយើងមិនសូវឃើញមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។»
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីការទូតរបស់កម្ពុជាបានឲ្យដឹងថា កម្ពុជាកំពុងទទួលបានការគាំទ្រច្រើនពីបណ្ដាប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក និងពីបណ្ដាប្រទេសនៅអាមេរិកកណ្ដាលផងដែរ។
ឯកអគ្គរាជទូតខ្មែរលោក ហែម ហេង មានប្រសាសន៍ថា ចំពោះទំនាក់ទំនងកាទូតរវាងកម្ពុជា និងអាមេរិក នៅតែមានភាពប្រសើរ ហើយថា អាមេរិកនឹងមិនលូកដៃចូលក្នុងទំនាស់រវាងកម្ពុជា-ថៃ នោះឡើយ ដោយសារប្រទេសទាំងពីរសុទ្ធជាប្រទេសជាមិត្តរបស់អាមេរិក ៖ «កន្លងមកបើទោះបីជាប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់អាមេរិកក៏ដោយ ក៏យើងឃើញអាមេរិកសម្ដែងភាពមិនជាផ្លូវការ ជាផ្លូវការសម្ដែងភាពឯករាជ្យ។ ហើយខ្ញុំបានជួបជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ហើយគេក៏បាននិយាយថា ដោយសារប្រទេសទាំងពីរជាមិត្តរបស់គេ ដូច្នេះគេមិនលូកដៃចូលក្នុងជម្លោះនេះឡើយ ហើយទំនាក់ទំនងការទូតរបស់អាមេរិកជាមួយកម្ពុជានៅមានភាពល្អដដែល។»
ទាក់ទិននឹងបញ្ហាការទូតរបស់កម្ពុជានេះដែរ កាលពីថ្ងៃទី៤ ខែឧសភា តំណាងរាស្ត្រគណបក្សសមរង្ស៊ីចំនួន ១០រូប បានជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកតំណែងលោក ហោ ណាំហុង ចេញពីតួនាទីជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ ក្រុមនេះបានឲ្យដឹងថា មូលហេតុនៃការជំរុញឲ្យដកតួនាទីលោក ហោ ណាំហុង ព្រោះមន្ត្រីការទូតរូបនេះ មានសមត្ថភាពទន់ខ្សោយខាងនយោបាយក្រៅប្រទេស ក្នុងការស្វែងរកកិច្ចអន្តរាគមន៍ពីបរទេសលើករណីរំលោភបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់កងទ័ពថៃ។
ចំណែកលោកបណ្ឌិត ឡៅ ម៉ុងហៃ ជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជាដែរនោះ មានប្រសាសន៍ថា អ្នកការទូតរបស់ខ្មែរមិនសូវមានវិជ្ជាជីវៈគ្រប់គ្រាន់ ម្យ៉ាងទៀតកម្ពុជាមានឈ្មោះមិនសូវល្អខាងការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យផងដែរ ៖ «ខ្ញុំគិតថាក្នុងរយៈពេលខ្លីនេះ យើងអត់មានអ្នកជំនាញផង ច្រើនតែដាក់តែគ្នាឯងអ៊ីចឹងទៅ ហើយមានទស្សនៈចង្អៀតចង្អល់ណាស់។ ហើយសម្ដេចនាយកចេះតែបន្ទោសអង្គការសហប្រជាជាតិ ជួនកាលដូចរឿង យ៉ា ហ្គាយ អ៊ីចឹង ឃើញទេ ដៀលសុទ្ធតែដល់ប្រទេសរបស់គេទៀត។ ដូចខាងផ្នែកសិទ្ធិមនុស្ស នីតិរដ្ឋ ប្រជាធិបតេយ្យអីហ្នឹងនៅមានភាពបង្អាក់បង្អួល មានលំដាប់លេខទាបណាស់។»
ខ្លាចប៉ះពាល់ផលប្រយោជន៍វៀតណាម
ជុំវិញបញ្ហានយោបាយការទូតរបស់កម្ពុជានេះដែរ លោក គុជ ចាន់លី ជាពលរដ្ឋខ្មែរអាមេរិកាំង ក្នុងរដ្ឋ Maryland មានប្រសាសន៍ថា ការណ៍ដែលកម្ពុជារារែកមិនព្រមយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសធ្វើជាអាវុធការទូត ដែលខ្លួនមានស្រាប់ ដើម្បីដោះស្រាយទំនាស់ជាមួយប្រទេសថៃនោះ ដោយសារកម្ពុជាខ្លាចប៉ះពាល់ដល់ផលប្រយោជន៍របស់វៀតណាម ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន នៅពេលណាអន្តរជាតិធ្វើការសើរើសន្ធិសញ្ញាទីក្រុងប៉ារីសនេះឡើងវិញ ៖ «ឃើញថាប្រទេសខ្មែរយើងហ្នឹងមានភាពទន់ខ្សោយក្នុងការយល់អំពីកិច្ចការបរទេស ប្រទេសនីមួយក្នុងពិភពលោកនេះ ក្នុងការដោះស្រាយបញ្ហារបស់ខ្លួន។ ប្រទេសខ្មែរយើងមានការរារែកក្នុងការសម្រេចចិត្តត្រូវលើកយកប្រទេសខ្មែរយើងហ្នឹងទៅដោះស្រាយជាមួយថៃ ដោយសារតែវាមានជាប់ទាក់ទិននឹងច្បាប់អន្តរជាតិមួយ ប្រទេសថៃហាក់ចង់ប្រទេសខ្មែរដោះស្រាយដោយចង់ឲ្យប្រទេសខ្មែរហ្នឹង លើកយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង យកមកដោះស្រាយពីព្រោះនៅក្នុងកិច្ចព្រមព្រៀងហ្នឹង វាមានចែងពីបូរណភាពទឹកដី វាមានចែងអំពីអធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្មែរយើង។»
ប៉ុន្តែមជ្ឈដ្ឋានខ្លះបានកោតសរសើរស្នាដៃរបស់រដ្ឋាភិបាលកម្ពុជា ដែលកន្លងមកនេះ បានធ្វើឲ្យភាគីថៃដកទាហានឈុតខ្មៅរបស់ខ្លួនចេញពីវត្តកែវសិក្ខាគិរីស្វារៈ ក្បែរប្រាសាទព្រះវិហារដោយសន្តិវិធី។ កម្ពុជាបានជោគជ័យក្នុងការធ្វើឲ្យថៃព្រមទទួលយកក្រុមអ្នកសង្កេតការណ៍របស់ប្រទេសឥណ្ឌូណេស៊ី។ កម្ពុជាបានបញ្ជូនញត្តិរបស់ខ្លួនទៅកាន់តុលាការអន្តរជាតិទីក្រុងឡាអេ ឲ្យបញ្ជាក់អំពីសាលក្រមឆ្នាំ១៩៦២ ដែលកាត់ឲ្យកម្ពុជាឈ្នះក្ដីប្រទេសថៃ លើករណីប្រាសាទព្រះវិហារ។ កម្ពុជាបានបង្ហាញអន្តរជាតិថា កម្ពុជាមិនមែនជាអ្នកឈ្លានពានថៃ ហើយគ្រាន់ជាអ្នកការពារខ្លួន និងទឹកដីប៉ុណ្ណោះ។
ទាក់ទិននឹងការលើកឡើងរបស់ក្រុមអ្នកឃ្លាំមើលខាងវិស័យការទូតរបស់ខ្មែរ ក្នុងបញ្ហាសង្គ្រាមព្រំដែនរវាងខ្មែរ-ថៃ នេះ អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន ថ្លែងថា រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងប្រើគ្រប់យន្តការអន្តរជាតិទាំងអស់ ដើម្បីការពារអធិបតេយ្យភាព និងការបញ្ចប់ជម្លោះដោយសន្តិវិធី ៖ «វាប្រសើរណាស់សម្រាប់អ្នកនិយាយដូចជាការលេងបាល់ជាមួយមាត់ ក៏ប៉ុន្តែ ការលេងបាល់ជាមួយជើងវាមានការលំបាកច្រើនណាស់ អាហ្នឹងវាអ៊ីចឹង។ ដូច្នេះបើសិនឃើញមានការឆ្គាំឆ្គងកន្លែងត្រង់ណាហ្នឹង សូមប្រាប់ទៅវាល្អជាង។ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ដែលទទួលខុសត្រូវចំពោះបញ្ហាជោគវាសនារបស់ប្រទេសជាតិខ្លួនឯង។ ប៉ុន្តែអ្វីដែលជាកិច្ចការបរទេស ដែលកម្ពុជាធ្វើគឺយើងធ្វើរួមគ្នាជារាជរដ្ឋាភិបាលកម្ពុជា ហើយរាល់ស្ថាប័នអន្តរជាតិ គឺយើងបានធ្វើគ្រប់ជ្រុងជ្រោយទាំងអស់។ សូម្បីកាសែតក្នុងស្រុករបស់ថៃបានវាយតម្លៃខ្ពស់អំពីការងារទូតរបស់កម្ពុជា សូម្បីសហរដ្ឋអាមេរិកក៏បាននិយាយថា កម្ពុជាបានធ្វើការងារការទូតរបស់ខ្លួនហ្នឹងប្រសើរជាងថៃទៀត។ ប្រទេសដែលអ្នកក្រៅធ្លាប់រស់នៅហ្នឹង ម្ចាស់ប្រទេសហ្នឹងគេបាននិយាយអ៊ីចឹង ទាំងបារាំង ទាំងសហរដ្ឋអាមេរិក ជាមួយនិងចិនផងដែរ។»
ចំពោះវិស័យការទូតនេះផងដែរ ក្រុមអ្នកវិភាគនិយាយថាក្នុងរយៈពេល ២៦ឆ្នាំ នៃការត្រួតត្រាអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅកម្ពុជា គេនៅមិនទាន់ឃើញប្រទេសលោកខាងលិចណាមួយអញ្ជើញលោក ហ៊ុន សែន ឲ្យធ្វើទស្សនកិច្ចជាផ្លូវរដ្ឋនោះឡើយ។ បញ្ហានេះគេដឹងថា រដ្ឋាភិបាលកម្ពុជាមិនសូវគោរពសិទ្ធិមនុស្ស ហើយការធ្វើវិនិយោគទុនភាគច្រើនជាមួយតែប្រទេសចិន និងវៀតណាម៕
0 comments:
Post a Comment