ដោយ ឡេង ម៉ាលី និង ម៉ៅ សុធានី
2011-05-05
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម កំពុងពិចារណាអំពីការស្នើសុំរបស់លោក អៀង សារី នៅក្រៅការឃុំឃាំង ស្របពេលដែលក្រុមអ្នកច្បាប់ និងអង្គការសិទ្ធិមនុស្សអន្តរជាតិ ព្រួយបារម្ភអំពីការបិទទ្វារ។
មេធាវីជនជាប់ចោទរបស់លោក អៀង សារី គឺលោក អាង ឧត្ដម ថ្លែងថា សាលាក្ដីខ្មែរក្រហម បានឃុំខ្លួនកូនក្ដីរបស់លោកជាបណ្ដោះអាសន្ន ហួសរយៈពេលច្បាប់កំណត់ចំនួន ៨៧ ថ្ងៃហើយ ហើយសុំឱ្យសាលាក្ដីដោះលែងកូនក្ដីរបស់លោកនៅក្រៅឃុំ ក្រោមការត្រួតពិនិត្យរបស់តុលាការ។
លោកមេធាវី អាង ឧត្ដម លើកឡើងដូច្នេះ នៅក្នុងសវនាការរបស់សាលាដំបូងសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១១ នៅពេលដែលអង្គជំនុំជម្រះពិចារណាអំពីការស្នើសុំរបស់លោកឱ្យ អៀង សារី នៅក្រៅឃុំ។ លោកបន្តថា ចាប់តាំងពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១១ មក កូនក្ដីរបស់លោកត្រូវបានអង្គបុរេជំនុំជម្រះសម្រេចឱ្យឃុំខ្លួនបណ្ដោះអាសន្នរយៈពេល ៤ ខែជាបន្តទៀត។ ក៏ប៉ុន្តែ លោកលើកឡើងថា ការសម្រេចនេះ មិនបានបំពេញតាមលក្ខខណ្ឌច្បាប់សាលាក្ដីខ្មែរក្រហមទេ។
លោកមេធាវី អាង ឧត្ដម ៖ «យើងខ្ញុំគ្រាន់តែសុំដោះលែងឱ្យលោក អៀង សារី ក្រោមលក្ខខណ្ឌ គឺការត្រួតពិនិត្យតាមផ្លូវតុលាការ។ យើងសុំមួយជំហានទៀត គឺការឃុំខ្លួនគាត់នៅផ្ទះ គឺស័ក្ដិសមបំផុត ដែលយើងបានទទូចសុំជាច្រើនដង។ អ៊ីចឹងអាច (ជាដំណោះស្រាយ) សមរម្យបាន»។
លោកមេធាវី អាង ឧត្ដម ថ្លែងថា ប្រសិនបើសាលាក្ដីមិនដោះលែងតាមការស្នើសុំទេ គឺជាការរំលោភច្បាប់ដោយសាលាក្ដីខ្មែរក្រហមនោះហើយ។
ឯកសាររបស់សាលាក្ដីខ្មែរក្រហមស្ដីពីករណីលោក អៀង សារី បានសរសេរថា លោក អៀង សារី ដែលជាអតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ សមាជិកគណៈធម្មាធិការអចិន្ត្រៃយ៍ និងជាគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តកម្ពុជា កំពុងស្ថិតក្នុងសំណុំរឿងលេខ ០០២ នៃសាលាក្ដីខ្មែរក្រហម ដែលត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ ១៩៥៦។
ការស្នើសុំរបស់លោកមេធាវី អាង ឧត្ដម ឱ្យសាលាក្ដីដោះលែងលោក អៀង សារី ក្រោមការត្រួតពិនិត្យរបស់តុលាការ នៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ។
សំណុំរឿងក្ដីរបស់លោក អៀង សារី រួមជាមួយជនជាប់ចោទចំនួន ៣ នាក់ ផ្សេងទៀត មានដូចជា លោក នួន ជា ខៀវ សំផន និង លោកស្រី អៀង ធីរិទ្ធ នៅក្នុងករណី ០០២ នឹងត្រូវបញ្ជូនទៅជំនុំជម្រះនៅសាលាដំបូងនៅក្នុងឆ្នាំ ២០១១ នេះ។
ក្រុមអ្នកច្បាប់ និងអង្គការសិទ្ធិមនុស្សអន្តរជាតិ បានសម្តែងការព្រួយបារម្ភថា តុលាការខ្មែរក្រហមនឹងអាចបិទទ្វារដំណើរការដោយពុំអាចកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមផ្សេងទៀត ដែលត្រូវចោទប្រកាន់ពីឧក្រិដ្ឋកម្មផ្សេងៗ។
សហចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហម បានប្រកាសកាលពីសប្ដាហ៍មុននេះថា គេបានបញ្ចប់ការស៊ើបអង្កេតលើករណី ០០៣ ហើយ ដែលមានជាប់ពាក់ព័ន្ធទៅនឹងអតីតមេខ្មែរក្រហម ៥ រូបផ្សេងទៀត ដែលគេមិនទាន់បញ្ចេញឈ្មោះ។
ប្រភពព័ត៌មាន អេភី (AP) បានដកស្រង់សម្ដីអះអាងរបស់ លោក ប្រែដ អាដាមស៍ (Brad Adams) នាយកប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ឈ្មោះ Human Rights Watch ប្រចាំនៅទ្វីបអាស៊ី ដែលបានឲ្យដឹងថា តាមការសាកសួរពីមន្ត្រីតុលាការខ្មែរក្រហម លោកដឹងថា សហចៅក្រមស៊ើបអង្កេតមិនបានធ្វើការស៊ើបអង្កេតករណី ០០៣ នេះ ឱ្យបានពេញលេញ តាមគោលការណ៍ស៊ើបអង្កេតបទឧក្រិដ្ឋឡើយ។
លោក ប្រែដ អាដាមស៍ បន្តថា គឺពូកគេធ្វើឡើងដោយប្រញាប់ប្រញាល់បំផុត ពុំបានចុះទៅអង្កេតដល់ទីកន្លែង ដែលឧក្រិដ្ឋកម្មទាំងនោះបានកើតទេ។ ប៉ុន្តែ ពួកគេបែរជាធ្វើការសិក្សាករណីនេះពីក្នុងការិយាល័យទៅវិញ។ លោក Brad Adams ថា ទង្វើនេះ គឺជាសេចក្ដីសម្រេចផ្នែកនយោបាយ ដែលហាក់ដូចជាចង់បិទករណី ០០៣ មិនឲ្យបន្តដំណើរការតទៅមុខទៀត។
លោក Brad Adams បន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការព្រួយបារម្ភ និងបានប្រកាសម្ដងហើយម្ដងទៀតថាលោកសុខចិត្តបិទទ្វារតុលាការខ្មែរក្រហមជាជាងធ្វើការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមផ្សេងទៀត ដែលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។
លោក ឡាស អូលសិន (Lars Olsen) អ្នកនាំពាក្យតុលាការខ្មែរក្រហម បានប្រតិកម្មច្រានចោលចំពោះការលើកឡើងដែលថា សហចៅក្រមស៊ើបអង្កេត មានគម្រោងចង់បំបិទករណីលេខ ០០៣ និង ០០៤៕
0 comments:
Post a Comment