ដោយ ផន រីណា និង ឡេង ម៉ាលី
2011-05-10
មេបញ្ជាការទាហាននៅយោធភូមិភាគទី២ ថៃ បានចេញបញ្ជាឱ្យទប់ស្កាត់ការនាំចេញប្រេងឥន្ធនៈ និងផលិតផលផ្សេងៗ ទៀត ដែលទាហានកម្ពុជាអាចប្រើប្រាស់ ដើម្បីធ្វើប្រតិបត្តិការប្រឆាំងថៃនៅតំបន់ជម្លោះរឿងព្រំដែន។
មេបញ្ជាការយោធាថៃនៃយោធភូមិភាគទី២ បានចេញបញ្ជាឱ្យទប់ស្កាត់ការនាំចេញប្រេងឥន្ធនៈ និងផលិតផលផ្សេងៗ ទៀត ដែលទាហានកម្ពុជាអាចប្រើប្រាស់ ដើម្បីធ្វើប្រតិបត្តិការប្រឆាំងថៃនៅតំបន់ជម្លោះរឿងព្រំដែន។
កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) នៅប្រទេសថៃ បានផ្សាយនៅថ្ងៃទី ១០ ឧសភាថា ការហាមប្រាមនេះ នឹងបន្តរហូតដល់ស្ថានភាពនៅតាមព្រំដែនត្រឡប់មករកភាពធម្មតាពិតប្រាកដវិញ។
បទបញ្ជានេះគឺបានណែនាំនេះបានដល់ការិយាល័យគយនៅច្រកត្រួតពិនិត្យអន្តោប្រវេសន៍អន្តរជាតិនៅខេត្តសុរិន្ទ ខេត្តបុរីរ៉័ម ទល់មុខខេត្តឧត្តរមានជ័យ។
ការិយាល័យគយថៃបានស្នើសុំកិច្ចសហការពីពាណិជ្ជករមិនឱ្យនាំចូលមកកម្ពុជានូវប្រេងឥន្ធនៈ ហ្គាស និងផលិតផលទាំងឡាយណា ដែលកងទ័ពកម្ពុជាត្រូវការ។
បើទោះបីជាមានការបញ្ជាដូច្នេះក៏ដោយ លោក កុយ គូង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្លែងថា កម្ពុជាពុំមានការព្រួយបារម្ភអ្វីឡើយដោយសារកម្ពុជា មានទីផ្សារនាំផលិតផលចូលពីប្រទេសដទៃទៀតជាច្រើន។
លោក កុយ គូង ៖ «សារព័ត៌មានថៃបញ្ជាក់ថា យោធាថៃភូមិភាគពីរហ្នឹងគេបិទច្រកថៃនាំទំនិញ ឬក៏ផលិតផលអីដែលផ្គត់ផ្គង់ដល់កម្លាំងកងយោធពលខេមរភូមិន្ទកម្ពុជានោះ អាហ្នឹងខ្ញុំសូមបញ្ជាក់ថា យើងអត់មានខ្វល់ខ្វាយរឿងហ្នឹងទេ។ ថៃបិទអីបិទទៅ។ ទោះបីជាកន្លងមក យើងនាំចូលខ្លះក៏ដោយ គឺមិនមែននាំមកពីប្រភពតែមួយហ្នឹងដែរ។ យើងបាននាំប្រេងពីប្រទេសវៀតណាម និងប្រទេសផ្សេងៗ ទៀត។ ដូច្នេះ គេចាត់វិធានការចង់បិទ ការនាំប្រេងចូលនោះ ស្រេចតែភាគីថៃទេ។ យើងមិនមានការខ្វល់ មិនត្រឹមតែប្រេងទេ បើថៃចង់មានវិធានការយ៉ាងណា ក៏មានចុះ។ សម្ដេចតេជោ លោកបានបញ្ជាក់ហើយថា កន្លងមក ចង់ថៃបិទក៏បិទទៅ។ យើងអត់មានខ្វល់ខ្វាយទេ។ យើងមិនមែនមានតែមួយច្រកហ្នឹងទេ»។
កាលពីថ្ងៃទី ២៧ ខែមេសាកន្លងទៅថ្មីៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានថា នឹងឱ្យពលរដ្ឋកម្ពុជាឈប់ប្រើទំនិញថៃ ប្រសិនបើថៃប្រកាសបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ។
នៅព្រឹកថ្ងៃដដែល គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរ ដែលឆ្លងកាត់ព្រំដែនទៅទិញទំនិញ និងសម្ភារៈប្រើប្រាស់នៅច្រកជាំរបស់ថៃ នៅតែមានចំនួនថយចុះច្រើនជាងមុន បន្ទាប់ពីមានការវាយប្រហារគ្នាមក។ ក៏ប៉ុន្តែផ្ទុយទៅវិញមានចំនួន អ្នកទេសចរណ៍ថៃភាគច្រើនឆ្លងកាត់ចូលមកកាន់កាស៊ីណូតែប៉ុណ្ណោះ៕
0 comments:
Post a Comment