អង្គការឃ្លាំមើលការបោះឆ្នោតមួយចំនួននៅកម្ពុជា បានជំរុញឲ្យរដ្ឋសភា និងរដ្ឋាភិបាលធ្វើការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ប្រយោជន៍ដើម្បីធ្វើឲ្យយន្តការរៀបចំការបោះឆ្នោតមានតម្លាភាព និងមិនស្ថិតនៅក្រោមឥទ្ធិពលនយោបាយ។
លោក គុល បញ្ញា ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) មានប្រសាសន៍ថា ដើម្បីឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មានយុត្តិធម៌ក្នុងកិច្ចការរបស់ខ្លួនទៅបាន លុះត្រាតែស្ថាប័នមួយនេះមានសមាសភាពពីគ្រប់គណបក្សដែលមានអាសនៈនៅ ក្នុងរដ្ឋសភា។
លោកថ្លែងថា ការធ្វើដូច្នេះ គឺដើម្បីធានាឲ្យមានការជឿទុកចិត្តពីអ្នកចូលរួមបោះឆ្នោត និងអ្នកឈរឈ្មោះឲ្យគេបោះឆ្នោត ៖ «កន្លងមកយើងរើសសមាសភាព គ.ជ.ប. ក៏មានការស្រុះស្រួលគ្នាខ្លះដែរនៅថ្នាក់ជាតិ។ ចំពោះគណបក្សដែលមានអាសនៈនៅក្នុងសភា មានគណបក្សប្រជាជន គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្សី។ ប៉ុន្តែឥឡូវគេនិយាយថា គួរតែបន្តរៀបចំសមាសភាពថ្នាក់ខេត្ត ថ្នាក់ឃុំ ហើយការិយាល័យបោះឆ្នោតហ្នឹង គួរតែមានអ្នកពិនិត្យមើលឲ្យមានតំណាងគណបក្សរបស់គេនៅតាម ថ្នាក់ក្រោមហ្នឹងថែមទៀត ជាពិសេសតំណាងរបស់គណបក្សដែលមានអាសនៈក្នុងសភា។ អាហ្នឹងគេអាចឲ្យអ្វីដែលមានស្រាប់ គឺកាន់តែមានការជឿទុកចិត្ត និងមានតម្លាភាពថែមទៀត»។
គណបក្សដែលមានអាសនៈនៅក្នុងសភា មានគណបក្សប្រជាជនកម្ពុជា គណបក្ស សម រង្ស៊ី ហ៊្វុនស៊ិនប៉ិច សិទ្ធិមនុស្ស និងគណបក្ស នរោត្តម រណឫទ្ធិ។
គ.ជ.ប. មានសមត្ថភាព និងការទទួលខុសត្រូវពេញលេញក្នុងការចាត់ចែងដំណើរការបោះឆ្នោតនៅ កម្ពុជា ទាំងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតសកល។
សមាសភាពសមាជិកថ្នាក់ជាតិរបស់ គ.ជ.ប. មានចំនួន ៩រូប។ ៥រូបពីខាងគណបក្សប្រជាជនកម្ពុជា ២រូបពីខាងគណបក្ស សម រង្ស៊ី និង ២រូបទៀតពីខាងគណបក្សហ៊្វុនស៊ិនប៉ិច។ សមាសភាពទាំងនេះត្រូវបានជ្រើសរើសឡើងដោយក្រសួងមហាផ្ទៃ ហើយអនុម័តដោយរដ្ឋសភា។ ប៉ុន្តែសមាជិកភាពដែលមានសមាសភាពជាអ្នកនយោបាយបែបនេះ ត្រូវបានអ្នកវិភាគនយោបាយនៅកម្ពុជា ប្រៀបប្រដូចទៅនឹងការលេងបាល់ទាត់ ដែលមានអ្នកទាត់បាល់ និងអាជ្ញាកណ្ដាលជាមនុស្សតែម្នាក់។
អ្នកវិភាគឯករាជ្យអំពីស្ថានការណ៍នយោបាយ និងនីតិរដ្ឋនៅកម្ពុជា លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ដើម្បីឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានឯករាជ្យពិតប្រាកដ ហើយមានយុត្តិធម៌ទៅបាន លុះត្រាតែសមាសភាពនៃស្ថាប័នមួយនេះជាមនុស្សឯករាជ្យ មិនស្ថិតក្នុងជួរគណបក្សនយោបាយ។
លោកបន្តថា កម្ពុជាគួររៀនសូត្រគំរូដ៏មានការជឿទុកចិត្តដូច្នេះពីខាងប្រទេសកាណាដា ឬប្រទេសថៃ ៖ «គ.ជ.ប. ហ្នឹងគួរមានសមាជិកដែលមិនមែនជាសមាជិកគណបក្សនយោបាយ។ ដូចជានៅប្រទេសកាណាដា ដែលខ្ញុំទៅផ្ទាល់ ទៅឃើញ ហើយគេប្រាប់តែម្ដង គឺថា នៅស្រុកគេ គេមានប្រធានតែមួយទេ ហើយគេចាត់ចែងហូរហែអ៊ីចឹងទៅ គឺប្រធានហ្នឹងគាត់មិនមែនជាសមាជិកគណបក្សណាមួយទេ ហើយក៏គេបោះបង់ចោលសិទ្ធិបោះឆ្នោតរបស់គេដែរបាទ! នេះដើម្បីឲ្យមានសេចក្ដីទុកចិត្ត»។
លោកមានប្រសាសន៍បន្តថា ដើម្បីឲ្យដំណើរការបោះឆ្នោតមួយមានភាពត្រឹមត្រូវ និងយុត្តិធម៌ទៅបាន លុះត្រាតែមន្ត្រីរាជការ ឬបុគ្គលិករដ្ឋ និងមេដឹកនាំស្ថាប័នរបស់រដ្ឋកំពូលៗទាំងអស់ មិនប្រឡាក់ប្រឡូសក្នុងសកម្មភាពគណបក្សនោះឡើយ ដើម្បីឲ្យមានការជឿទុកចិត្តពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
លោកបន្តថា អ្នកទាំងនោះអាចធ្វើសកម្មភាពគណបក្សបានដែរ តែតាមលក្ខណៈប្រយោល ដូចជាកិច្ចការរដ្ឋបាល ឬគណនេយ្យ ប៉ុន្តែមិនត្រូវចេញឃោសនាបោះឆ្នោត ឬចែកខិត្តប័ណ្ណផ្សព្វផ្សាយបក្សរបស់ខ្លួនអ្វីនោះឡើយ។
0 comments:
Post a Comment